ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីបាញ់មីស៊ីល២៣គ្រាប់ កូរ៉េខាងជើងបន្តបាញ់កាំភ្លើងធំជាង ១០០គ្រាប់ទៀតទៅកាន់ដែនសមុទ្រ

ចែករំលែក៖

នៅថ្ងៃទី២ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីល២៣គ្រាប់ចូលទៅកាន់ដែនសមុទ្រ ដែលជាកម្រិតច្រើនបំផុតមិនធ្លាប់មាន ក្នុងនោះមានមួយគ្រាប់ធ្លាក់ក្បែរឆ្នេរសមុទ្រកូរ៉េខាងត្បូង។ ក្រោយការបាញ់មីស៊ីលនោះកូរ៉េខាងជើងក៏បានបន្តបាញ់កាំភ្លើងធំ១០០គ្រាប់ទៀតចេញពីឆ្នេរសមុទ្រនៅភាគខាងកើត ទៅកាន់តំបន់សដែលបានបង្កើតឡើងរវាងភាគីទាំងពីរ ។
កម្លាំងទាហានកូរ៉េខាងត្បូងបានប្រកាសថា ការបាញ់កាំភ្លើងធំធ្វើឡើងនៅវេលាម៉ោង១៣និង២៧នាទី (ពេលវេលាក្នុងតំបន់)។ ការបាញ់សាកល្បងនោះគឺបានបំពានកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៨ដែរ។
សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល១០០គ្រាប់ចេញពីតំបន់កូសុង (Kosong) នៃខេត្តកាងវ៉ុន (Kangwon) ធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់នៅភាគខាងជើងនៃខ្សែបន្ទាត់ NLL ដែលជាព្រំប្រទល់សមុទ្រក្រៅផ្លូវការ រវាងកូរ៉េខាងត្បូងនឹងកូរ៉េខាងជើង។
កាលពីវេលាព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងបានបាញ់មីស៉ីល៣គ្រាប់ ចេញពីយន្តហោះចម្បាំង ហើយទៅធ្លាក់នៅចំណុចមួយក្បែរខ្សែបន្ទាត់ NLL ដើម្បីជាការឆ្លើយតបចំពោះ ការបាញ់សាកល្បងមីស៉ីលចម្រុះប្រភេទសរុប១០គ្រាប់ របស់កូរ៉េខាងជើងនៅប៉ុន្មានម៉ោងមុននោះ។ ក្នុងការបាញ់តេស្តមីស៉ីលរបស់ទីក្រុងព្យុងយ៉ាង ទីក្រុងសេអ៊ូលទទួលស្គាល់ថា មានមីស៉ីល១គ្រាប់បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។
ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃ១ខែវិច្ឆិកា បានស្នើឱ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថា នេះជាទង្វើបង្កហេតុដែលនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបពីសំណាក់ទីក្រុងព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង២៤០គ្រឿង ដែលនឹងបិទបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ ចំពោះមុខការព្រួយបារម្ភថាកូរ៉េខាងជើងអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖​ KCNA


ចែករំលែក៖