ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌចំការមនជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការស្ថាបនាលូនិងផ្លូវត្រូវគោរពតាមស្តង់ដារនៅក្នុងសៀវភៅតាមដានការដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖  អភិបាលខណ្ឌចំការមនជំរុញឱ្យក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការស្ថាបនាលូនិងផ្លូវត្រូវគោរពតាមស្តង់ដារនៅក្នុងសៀវភៅតាមដានការដ្ឋាន ជាមួយគ្នានោះលោកក៏បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋនិងសូមឱ្យប្រជាពលរដ្ឋជួយពិនិត្យមើលនិងរាយការណ៍ពីភាគីក្រុមហ៊ុនរាល់ចំណុចអសកម្មផងដែរ។

  ប្រសាសន៍របស់លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមនធ្វើឡើងក្នុងពិធីបើកការដា្ឋនអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២នៅក្នុងសង្កាត់ទន្លេបាសាក់ព្រឹកថ្ងៃទី ០២ ខែវិច្ឆិកាឆ្នាំ២០២២នេះ។

អភិបាលខណ្ឌចំការមនក៏បានជំរុញឱ្យក្រុមហ៊ុនដែលទទួលបានគម្រោងស្ថាបនាត្រូវខិតខំរក្សា ឱ្យបាននូវក្រមសីលធម៌ គោរពឱ្យបានជាដាច់ខាតនូវកិច្ចសន្យាដែលខ្លួនបានចុះហត្ថលេខារួចហើយ។

លោកកៀង ល័ក្ស បានសំណូមពរឱ្យប្រជាពលរដ្ឋ ត្រូវចូលរួមតាមដានការអនុវត្តន៍ការងាររបស់ក្រុមហ៊ុនទទួលម៉ៅការផងដែរ ពីព្រោះប្រជាពលរដ្ឋគឺជាអ្នកទទួលផលផ្ទាល់ពីគម្រោងនេះ បើឃើញការអនុវត្តន៍របស់ក្រុមហ៊ុនខុសពីកិច្ចសន្យា ត្រូវរាយការណ៍ជូនលោកចៅសង្កាត់ ឬសាលាខណ្ឌ ដើម្បីចុះពិនិត្យ និងកែសម្រួលជាបន្ទាន់ ។

លោកអភិបាលខណ្ឌចំការមនក៏បានសំណូមពរឱ្យប្រជាពលរដ្ឋដែលរស់នៅតាមទីតាំងបើកការដ្ឋានមានការយោគយល់ខណៈគម្រោងដំណើរការនាំឱ្យមានការរំខានដល់ការប្រកបអាជីវកម្មឬការធ្វើដំណើរចេញចូលផ្ទះជាដើម។

លោកអភិបាលខណ្ឌចំការមនបានសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបន្តបេសកកម្មធ្វើឱ្យកម្ពុជាអាច រំដោះខ្លួនចេញពីសង្គ្រាម ហើយកសាងបាននូវសុខសន្តិភាពនៅទូទាំងប្រទេស ជាពិសេសគឺការសម្រេចបាន នូវការអភិវឌ្ឍសង្គម ការផ្តល់សេចក្តីសុខក្សេមក្សាន្ត និងវិបុលសុខជូនប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំ-សង្កាត់ទូទាំងប្រទេសមានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំ អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាពដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើគម្រោង ជាអាទិភាពរួមមានការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តារលូ និងការរៀបចំការ៉ូឡា ឱ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាពខ្ពស់។

បើតាមរបាយការណ៍របស់លោក ខាត់ ណារិទ្ធចៅសង្កាត់ទន្លេបាសាក់បានអោយដឹងថាសម្រាប់គម្រោងអភិវឌ្ឍន៍ឆ្នាំ២០២២នេះ សង្កាត់ទន្លេបាសាក់ បានលើកគម្រោងមានដូចខាងក្រោម៖

១-ដាក់លូដោះទឹក ទំហំ ០,៦ម៉ែត្រ ប្រវែង ៣៥៤ម៉ែត្រ លើកំណាត់ផ្លូវលេខ២១ ចាប់កែងផ្លូវលេខ ៣០៨ ដល់កែងផ្លូវលេខ២៩៤ ក្នុងភូមិ៥ និងនៅច្រកផ្លូវសុធារស ចាប់ពីកែងផ្លូវសុធារស ដល់ កែងផ្លូវលេខ២១ ក្នុងភូមិ៧ ។

ទី២-ជួសជុលផ្លូវបេតុងគ្មានសរសៃដែក ប្រវែង១,០៦២ ម៉ែត្រ ទទឹង៣,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ លើកំណាត់ផ្លូវលេខ២១ ចាប់ពីមុខផ្ទះលោក អៀង សារី ក្នុងភូមិ៧ រហូតដល់កែងផ្លូវលេខ៣១២ក្នុងភូមិ៥ ដែលត្រូវចំណាយថវិកាសរុបចំនួន ២៨៦,៧៤០,០០០ រៀល ៕

ដោយ៖ ជីណា


ចែករំលែក៖