ខេត្តស្ទឹងត្រែង ៖ រថយន្តដឹកទំនិញធុនធំ១គ្រឿងបើកល្មើសនឹងបម្រាមចូលក្រុងបង្កឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈត្រូវបានអាជ្ញាធរក្រុងឲ្យសមត្ថកិច្ចនគរបាលឃាត់និងនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីសម្របសម្រួលទៅតាមនីតិវិធី។
លោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកាថា រថយន្តដឹកទំនិញធុនធំនេះបានបើកបរមកពីរាជធានីភ្នំពេញឆ្លងកាត់ខេត្តស្ទឹងត្រែងក្នុងគោលបំណងទៅប្រទេសឡាវ តែអ្នកបើកបររថយន្តចង់ចូលមកលេងក្នុងក្រុង ហើយមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ ទើបបង្កផលប៉ះពាល់ដល់បង្គោលដាក់កាត់ផ្លូវដើម្បីបំពាក់គ្រឿងលម្អត្រៀម លក្ខណៈ ក្នុងពិធីបុណ្យផ្សេងៗ ធ្វើឲ្យបាក់ខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ។
លោកអភិបាលក្រុងបានបញ្ជាក់ថា ករណីបង្កការខូចខាតនេះលោកបានឲ្យសមត្ថកិច្ចនិងម្ចាស់រថយន្តធ្វើការដោះស្រាយទៅតាមសន្តិវិធី និងអាចធ្វើបង្គោលនេះសងវិញជូនមកខេត្ត ទៅតាមការសម្របសម្រួលរបស់សមត្ថកិច្ច។
លោកវរសេនីយ៍ឯក ឈូក កុម៉ល អធិការក្រុងស្ទឹងត្រែងបានបញ្ជាក់ថា រថយន្តនេះសមត្ថកិច្ចនគរបាល បានឃាត់និងនាំយកទៅទុកនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីឲ្យម្ចាស់មានសំណងជូនមករដ្ឋវិញ។
លោកបន្តថា ករណីបង្កការខូចខាតនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទេ ដូចនេះម្ចាស់រថយន្តធ្វើការដោះ ស្រាយបញ្ហានេះ ទៅការវាយតម្លៃ លើការសាងសង់បង្គោលថ្មីជូនខេត្តវិញជាការបញ្ចប់បញ្ហា។
ម្ចាស់រថយន្ត បានទទួលស្គាល់ចំពោះការខូចខាតទ្រព្យសម្បត្តិសាធារណៈ ព្រោះខ្លួនបើកបរមិនមានបំណងធ្វើឲ្យប៉ះពាល់បង្កការខូចខាតទ្រព្យសម្បត្តិទាំងនេះទេ តែលោកមិនបានមើលឲ្យបានច្បាស់លាស់ នឹកស្មានថារថយន្តចូលរួចតាមផ្លូវនេះ តែជាចៃដន្យបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិនេះពិតប្រាកដមែន។ លោកបន្តថា ចំពោះការ រៀបចំនីតិវិធីដោះស្រាយនេះលោកនឹងទទួល ខុសត្រូវ ហើយ សហការជាមួយម្ចាស់ទំនិញដើម្បីមកធ្វើការដោះស្រាយនឹងធ្វើ បង្គោលនេះជូនខេត្តតាមកិច្ចសន្យា។
សូមបញ្ជាក់ថា ក្រុងស្ទឹងត្រែង មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានចេញសេចក្តីណែនាំស្តីពីរថយន្តធុនធំហាមចូលក្នុងក្រុង ដើម្បីរក្សារគុណភាពផ្លូវបេតុងដែលទើបសាងសង់ផង និងបញ្ជៀសកុំឲ្យមានការប៉ះពាល់ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋផង តែរថយន្តនេះបើកមកពីរាជធានីភ្នំពេញ មិនបានជ្រាបពីដំណឹងនេះទើបបើកបរចូលក្រុងបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ ៕
ដោយ៖ សូរិយា