ខេត្តសៀមរាប៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី០២ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់ លោកឧកញ៉ា លោក លោកស្រី ដែល ជាម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សារឯកជន ក្រុមហ៊ុនលក់ផលិតផល ភេសជ្ជៈ ឬគ្រឿងស្រវឹង ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍-លំនៅដ្ឋាន ក្រុមហ៊ុន សហគ្រាសឯកជន ធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រោងកុន ហាងលក់រថយ័ន្ត-ម៉ូតូ ហាងលក់ទូរស័ព្ទ ហាងលក់គ្រឿងអេឡិចត្រូនិច គ្រប់ប្រភេទ គ្រឹះស្ថាន់ឯកជន ព្រមទាំងម្ចាស់អាជីវកម្មដ្ឋានផ្សេងៗទៀត ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត សៀមរាបឱ្យបានជ្រាបថា៖ នៅក្នុងឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបានពិនិត្យឃើញថា ផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្មស្លាកយីហោ ប៉ាណូ រ់បារកាត់ទទឹងផ្លូវ ប្រអប់ភ្លើង LED ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មចល័ត អចល័ត និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទំដែលមានទំហំចាប់ពី៤ម៉ែត្រក្រឡាឡើងទៅ បានដំឡើង នៅជាប់ជញ្ជាំងអគារផ្សេងៗលើដីកម្មសិទ្ធិឯកជន និងនៅលើដីចំណីផ្លូវសាធារណៈមួយចំនួនបានអស់ សុពលភាព ឬគ្មានលិខិតអនុញ្ញាត និងមួយចំនួនទៀតពុំបានមកបំពេញបែបបទដាក់ពាក្យស្នើសុំលិខិត អនុញ្ញាត(បន្ត-ថ្មី) ពីរដ្ឋបាលខេត្តសៀមរាប នៅឡើយ។
ទន្ទឹមនឹងនេះ កន្លងមករដ្ឋបាលខេត្តក៏បាន ជូនដំណឹងជាច្រើនលើកច្រើនសាររួចហើយពាក់ព័ន្ធការដំឡើង ឬការផ្សព្វផ្សាយពាណិជ្ជកម្មដែលបាន អស់សុពលភាព និងពុំបានស្នើសុំលិខិតពីរដ្ឋបាលខេត្ត ប៉ុន្តែលោកឧកញ៉ា លោក លោកស្រីនៅតែពុំព្រមមក បំពេញបែបបទស្នើសុំការអនុញ្ញាតពីរដ្ឋបាលខេត្តដដែល។ ក្នុងន័យនេះ ដើម្បីអនុវត្តឱ្យស្របតាម នីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន សូមលោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់ អាជីវកម្ម ឬអ្នកគ្រប់គ្រង ត្រូវមកបំពេញបែបបទដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត(បន្ត-ថ្មី) ដែលមានទំហំ ចាប់ពី៤(បួន)ម៉ែត្រក្រឡាឡើងទៅ នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប ដោយ ទុករយៈពេលចំនួន ០១(មួយ)ខែ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ។
ក្នុងករណីមិនអនុវត្តតាម ការណែនាំខាងលើ រដ្ឋបាលខេត្តសៀមរាប នឹងអនុវត្តតាមវិធានការរដ្ឋបាល ព្រមទាំងចុះធ្វើការរុះរើនូវផ្ទាំង ផ្សព្វផ្សាយពាណិជ្ជកម្មដូចបានជម្រាបជូនខាងលើ ដោយបន្ទុកចំណាយម្ចាស់ទីតាំងអាជីវកម្មជាអ្នកទទួលខុសត្រូវ និងរាល់ការខូចខាតទ្រព្យសម្បត្តិផ្សេងៗ រដ្ឋបាលខេត្តសៀមរាបពុំទទួលខុសត្រូវឡើយ។
អាស្រ័យហេតុនេះ សូម លោកឧកញ៉ា លោក លោកស្រី ដែលជាម្ចាស់អាជីវកម្ម មេត្តាជ្រាប និង ចូលរួមសហការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងមកបំពេញបែបបទដាក់ពាក្យស្នើសុំឱ្យបានទាន់ ពេលវេលា៕
ដោយ៖សហការី