ខេត្តកំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានថ្លែងថា ការធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋណាដែលគាត់បាត់ឬខូច ឱ្យគាត់រាយការណ៍មកអាជ្ញាធរមូលដ្ឋាន សូមពន្លឿនជាបន្ទាន់ ដើម្បីឲ្យពួកគាត់បានប្រើប្រាស់ជាប្រចាំថ្ងៃ ។
ការថ្លែងនៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ងួន រតនៈ ជំរុញឲ្យមន្ត្រីជំនាញធ្វើការទប់ស្កាត់នៅបទល្មើសគ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន ត្រូវតែមានតាមដានចុះបង្ក្រាប និងទប់ស្កាត់ជាបន្ទាន់ពីល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានការពារកុំឱ្យមានការកើតឡើងវិញឲ្យសោះ។ សូមចូលចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារឲ្យបានល្អ មិនមានការប្រើប្រាស់អំពើហិង្សា ចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន ជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន មាន១១ចំណុច ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់។
ទន្ទឹមនឹងនេះលោកអភិបាលខេត្ត ក៏បានបន្ថែមទៀតថា ចំពោះបទបញ្ជាបទល្មើសនេសាទផ្សេងៗនៅតាមគោលដៅ មន្ត្រីជំនាញទាំងអស់ត្រូវតែចុះបង្ក្រាបនិងមានវិធានការជាបន្ទាន់ ដើម្បីការទប់ស្កាត់ ផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការបើកនេសាទ ឱ្យប្រជានេសាទនេសាទដោយប្រើឧបករណ៍ស្របច្បាប់ និងគោរពទៅតាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល។
ជាចុងក្រោយលោក ងួន រតនៈ អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ប្រធានគណៈបញ្ជាការឯកភាពក្រុងស្រុកទាំងអស់ដែលបានសហការ ចូលរួមគ្រប់សកម្មភាពរបស់រដ្ឋបាលខេត្តកន្លងមកថ្មីៗនេះ ដែលជាសកម្មភាពមួយដ៏ល្អ ដើម្បីឲ្យខេត្តកំពង់ធំមានការអភិវឌ្ឍន៍៕
ដោយ៖ កែវមន្នី