ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ ប្រទេសអេកម៉ិកទាំង៥ ចាប់អនុវត្តផែនការស្ដារទេសចរណ៍ឡើងវិញ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងទេសចរណ៍បានបញ្ជាក់ថា, ឧត្តមមន្ត្រីទេសចរណ៍អេកម៉ិក (ACMECS) ដែលរួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមបានឯកភាពគ្នាដាក់ចុះផែនការសកម្មភាពឆ្នាំ២០២៣-២០២៥ ផ្ដោតលើយុទ្ធសាស្ត្រស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងតំបន់ ក៏ដូចជាជំរុញចលនាទេសចរផ្ទៃក្នុងឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩។

ការដាក់ចុះផែនការសកម្មភាពនេះធ្វើឡើងក្នុងកិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ ក្រោមការដឹកនាំរបស់លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រត្តិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប។

លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាននៃក្រសួងទេសចរណ៍ និងជាភាគីតំណាងកម្ពុជាផងនោះ បានឱ្យដឹងថា ឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកបានពិនិត្យវាយតម្លៃផលប៉ះពាល់ពីវិបត្តិកូវីដ-១៩លើវិស័យទេសចរណ៍ក្នុងតំបន់ ដោយពិនិត្យឃើញថាទេសចរណ៍រវាងប្រទេសជាសមាជិកអេកម៉ិកបានធ្វើដំណើររវាងគ្នាកាន់តែច្រើនឡើងជាងមុនវិបត្តិកូវីដ-១៩។

លោក ទ្រី ឈីវ បានបន្តថា ក្នុងកិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥នោះ លោកអគ្គនាយក ថោង រដ្ឋសក្តិ រួមជាមួយឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកបានដាក់ចុះផែនការរួមគ្នាជំរុញចលនាទេសចរផ្ទៃក្នុង ឱ្យបានកាន់តែច្រើនឡើងជាងមុន និងបានដាក់ចេញនូវយុទ្ធសាស្ត្រស្តារនិងអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ ក្រោមយុទ្ធនាការ «ប្រទេស៥គោលដៅតែមួយ» ស្របតាមផែនការសកម្មភាព២០២៣-២០២៥។

លោក ទ្រី ឈីវ បានបញ្ជាក់ទៀតថា ដើម្បីជំរុញដល់ការសម្រេចតាមផែនការសកម្មភាពខាងលើនេះ ឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកបានកំណត់នូវទិសដីអនុវត្តមួយចំនួន ដូចជា៖

១. ជំរុញបង្កើតផលិតផលថ្មីក្នុងតំបន់មានដូចជាទេសចរណ៍ជនបទ ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ទេសចរណ៍ម្ហូបអាហារ និងទេសចរណ៍សុខភាព និងផាសុកភាពជាដើម។

២. បង្កើនការផ្សព្វផ្សាយរួមគ្នាគាំទ្រគ្នាក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងជំរុញទេសចរណ៍ផ្ទៃក្នុងអេកម៉ិកឱ្យកាន់តែខ្លាំង។

៣. ពង្រឹងការបណ្តុះបណ្តាលធនធានមនុស្សរួមគ្នា ដូចជាការបណ្តុះបណ្តាលជំនាញថ្មី (Reskilling) និងជំនាញបន្ថែម (Upskilling) និងអក្ខរកម្មឌីជីថល។

៤. ពង្រឹងការដោះដូរព័ត៌មានទេសចរណ៍ ដើម្បីតាមដាននិងវាយតម្លៃប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងគ្នា។

៥. ជំរុញយន្តការការស្ថាប័នដោយពិនិត្យលទ្ធភាពសិក្សាក្នុងការបង្កើតលេខាធិការដ្ឋាន ឬការិយាល័យសម្របសម្រួលអេកម៉ិក។

៦. ជំរុញឱ្យមានការតភ្ជាប់ផ្លូវធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងតំបន់អេកម៉ិក ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកជាដើម។

លោកបានបន្ថែមថា កិច្ចប្រជុំឧត្តមមន្ត្រីក៏បានពិភាក្សាលើសេចក្តីថ្លែការណ៍ស្តីពីអនាគតទេសចរណ៍អេកម៉ិក ដែលជាត្រីវិស័យសម្រាប់ពង្រឹងកិច្ចសហអេកម៉ិក និងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីអភិវឌ្ឍទេសចរណ៍តំបន់កាន់តែប្រសើរស្របតាមបរិបទក្រោយកូវីដ១៩ ដែលនិន្នាការទេសចរណ៍មានការប្រែប្រួល ជាពិសេសទេសចរចូលចិត្តធ្វើដំណើររយៈចម្ងាយខ្លី។

លោក ទ្រី ឈីវ បានបញ្ជាក់បន្ថែមថា «ផែនការសកម្មភាពទាំងនេះនឹងទាក់ទាញការដើរកម្សាន្តផ្ទៃក្នុងតំបន់អេកម៉ិកកាន់តែខ្លាំង បង្កើតការងារបន្ថែម និងចូលរួមដល់ការអភិវឌ្ឍដល់ប្រជាពលរដ្ឋមូលដ្ឋាន»។

គួរជម្រាបថា បន្ទាប់ពីកិច្ចប្រជុំឧត្តមមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ខាងលើនេះ ក៏មានដែរនូវកិច្ចប្រជុំឧត្តមមន្ត្រី CLMV រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលដឹកនាំដោយភាគីឡាវ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រី CLMV លើកទី៦ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្អែកនេះ។

ពាក្យថាអេកម៉ិកនេះគឺមានន័យពេញថា «យុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់ទន្លេអាយ៉េយ៉ាវ៉ាឌី ទន្លេចៅផ្រាយ៉ា និងទន្លេមេគង្គ» ដែលភាសាបច្ចេកទេសហៅថា Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ហៅកាត់ ACMECS។ ទន្លេអាយ៉េយ៉ាវ៉ាឌី ឬទន្លេឥស្សរាវតីគឺលាតសន្ធឹងនៅប្រទេសមីយ៉ាន់ ទន្លេចៅផ្រាយ៉ា ឬចៅព្រះពញាលាតសន្ធឹងនៅប្រទេសថៃ ចំណែកឯទន្លេមេគង្គគឺបូកទាំងប្រទេសឡាវ កម្ពុជា និងវៀតណាតផងដែរ ដូច្នេះគឺមាន៥ប្រទេស រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕

ដោយ ៖ សិលា


ចែករំលែក៖