ខេត្តកំពត ៖ «ដោយសារតែគោលនយោបាយវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងខឿនសុខុមាលភាពប្រជាពលរដ្ឋប្រឆាំងនឹងជំងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួល បានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ បង្កើតភាពស៊ាំសហគមន៍ ទប់ស្កាត់បានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលបានបើកដំណើរការសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញរហូតមកដល់ថ្ងៃនេះមានរយៈពេលមួយឆ្នាំហើយ»។ នេះគឺជាការថ្លែងរបស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អនុប្រធានក្រុមការងារក្រុង បូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ អំឡុងពេលធ្វើវេទិកាសាធារណៈជាមួយពលរដ្ឋនៅ ភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ។ លោករដ្ឋលេខាធិការបានលើកឡើងថា ជាមួយការបើកដំណើរការប្រទេស និងដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យរយៈពេលមួយឆ្នាំមកនេះបានជួយរុញច្រានក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញ បន្ទាប់ពីត្រូវបានញាំញីដោយវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ។ រដ្ឋាភិបាលកម្ពុជាបន្តបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា ឆ្នាំ ២០២២នេះ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាប្រមាណ ៥,៤% និងនៅឆ្នាំ២០២៣ នឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦%»។
ក្នុងវេទិកាសាធារណៈដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមន្ទីរ អាជ្ញាធរក្រុងសង្កាត់ ប្រជាពលរដ្ឋរបស់ក្រុងបូកគោសរុបជិត ១០០នាក់ មានគោលបំណងដើម្បីក្តាប់ពី សំណើសំណូមពរ និងសហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា អនុប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានក្រុង បូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោត បានលើកឡើងពីសភាពការណ៍រួមនៃដំណើរវិវឌ្ឍរបស់កម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដោយក្នុងនោះបានសង្កត់ធ្ងន់ពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍឱ្យបានជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ដោយមិនអនុញ្ញាតឱ្យក្រុមជនក្បត់ជាតិបំផ្លិចបំផ្លាញសេចក្តីសុខនិងការអភិវឌ្ឍរបស់ ជាតិនិងប្រជាជនឡើយ។ លោក នេត្រ ភក្ត្រា ក៏បានលើកឡើងពីភាពជោគជ័យលើការចាក់វ៉ាក់សាំង នាំឱ្យមានភាពស៊ាំក្នុងសហគមន៍ ហើយកម្ពុជាជាប្រទេសឈានមុខគេមួយដែលប្រជាជនបានទទួលការចាក់វ៉ាក់សាំងមានអត្រាខ្ពស់នៅលើពិភព លោក ក៏ដូចជាការគាំទ្រជាសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ពលរដ្ឋក្រីក្រជួបការលំបាក ដែលនេះគឺជាគោលនយោបាយ គាំពារសង្គមរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនសន្យា តែធ្វើជាក់ស្តែងបម្រើប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
នៅចំពោះមុខអាជ្ញាធរ និងប្រជាជនរដ្ឋក្នុងសង្កាត់ព្រែកត្នោត លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោត បានលើកឡើងពីលក្ខណៈសម្បត្តិទី៧ នៃគោល នយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាព និងអនុវត្តឱ្យបានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងចាត់វិធានការចាំបាច់នានាដើម្បីថែរក្សាឱ្យបាន នូវសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសង្កាត់ និងលុបបំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនពីក្នុងភូមិសង្កាត់ ឱ្យបានហ្មឺងម៉ាត់ ជាមួយនឹងការគិតគូរយកចិត្តទុកដាក់រៀបចំ អនាម័យបរិស្ថានក្នុងសហគមន៍ឱនយបានស្អាតដើម្បីផាសុក ភាពសម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់ ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរសម្រាប់មកដើរកម្សាន្តតំបន់ទេសចរណ៍សហគមន៍ ទាញចំណូលសម្រាប់ប្រជាសហគមន៍។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ និងជាបានអំពាវនាវដល់ប្រជាពលរដ្ឋដែល បានចុះឈ្មោះបោះឆ្នោតទៅពិនិត្យឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងបានជំរុញឱ្យប្រជាពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ លោករដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោតក៏បានជំរុញផងដែរដល់ពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព ជ្រុះបាត់ ឬគ្រប់អាយុបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សូមធ្វើអត្តសញ្ញាណបណ្ណ ឬធ្វើការងារជាមួយមន្ត្រីនៅមូលដ្ឋានរបស់ខ្លួន។
នៅក្នុងវេទិកាសាធារណៈនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោបានដោះស្រាយសំណើនិងសំណូមពរ មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយបរិយាកាស ស្និទ្ធស្នាល និងសប្បាយរីករាយ។ ឯកឧត្តមរដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោតក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋដែលបានគាំទ្រគោលនយោបាយ ដាក់ចុះដោយរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា និងចូលរួមអនុវត្តប្រកបដោយភាពជោគជ័យ៕
ដោយ : សហការី