ព័ត៌មានទាន់ហេតុការណ៍៖

អ្នកយល់ពីអារម្មណ៍មួយនេះទេ ! ករណីសម្រាលកូននៅមន្ទីពេទ្យអឃីត ស្លាប់ម្តាយបន្សល់ទុកការឈឺចាប់ដល់ក្រុមគ្រួសារ អ្នកណាមិនយំ មិនសោកសង្វេគ !

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈ facebook មួយបានបង្ហោះថា, ស្ត្រីជាម្តាយវ័យ ២៦ឆ្នាំបានទទួលមរណៈភាពបន្ទាប់ពីសម្រាលកូនបាន ១ថ្ងៃ ដែលក្រុមគ្រួសារថា ករណីនេះគឺដោយសារគ្រូពេទ្យនៅមន្ទីពេទ្យអឃីត កោះពេជ្រ។ មានអ្នក Comments ភាគច្រើនបង្ហាញពីទុក្ខសង្វេគ និងចូលរួមរំលែកទុក្ខភាពដ៏សោកសៅនេះរាប់រយ Comments ។ 

សូមបញ្ជាក់ថា, នាយប់ថ្ងៃទី០១ ខែវិច្ឆិកា លោកស្រី ស៊ឹម សុគន្ធា ដែលជាម្តាយបង្កើតរបស់សពលោកស្រី ប៉ាក់ ម៉ានិច្ច បានបង្ហោះសារអមដោយរូបថតចៅដែលទើបនឹងកើត និងរូបថតពិធីបុណ្យសពកូនស្រីរបស់លោកស្រីក្នុងហ្វេសបុកថា «កូនស្រីខ្ញុំទៅគ្មានថ្ងៃត្រលប់បន្សល់ទុកចៅមួយព្រោះតែគ្រូពេទ្យនៅ Orgkid កោះពេជ្រ»។

លោកស្រី គន្ធា ក៏បានបន្ថែមទៀតថា «ពេលកូនសំរាលបុត្រហើយម៉ាក់សប្បាយចិត្តតែ3ម៉ោងក្រោយម្តាយស្លុតចិត្តព្រោះតែពេទ្យ»។

ស្វាមីរបស់សពលោកស្រី ម៉ានិច្ច គឺលោក សន ប៊ុនមាន បានផ្លាស់ប្តូរ profile របស់លោកអមជាមួយការសរសេរសារដោយអាឡោះអាល័យភរិយាថា «ការចាក់ចេញដោយមិនបានលា»។

លោកស្រី ម៉ាន់ សុជាតិ ដែលត្រូវជាម្តាយធំនៃសពក៏បានបង្ហោះរូបទារកទើបដែលជាកូនរបស់សព ជាមួយការសរសេរសារថា «ស្អែកទៅផ្ទះយើងវិញណាចៅ ទៅលាអ្នកម្ដាយនិងជូនដំណើរអ្នកម្តាយជាលើកចុងក្រោយទាំងម្តាយទាំងកូនមិនទាន់បានជួបមុខគ្នាផងឥលូវត្រូវព្រាត់រហូតហើយ»។

ប្រភពដែលស្និទនឹងគ្រួសារនៃសពបានប្រាប់អ្នកសារព័ត៌មាន  ថាដំបូងឡើយលោកស្រី ប៉ាក់ ម៉ានិច្ច ដែលជាជនរងគ្រោះបានសម្រាលកូនតាមរបៀបធម្មជាតិនៅក្នុងបន្ទប់ឯកជនមួយនៃមន្ទីរពេទ្យអឃីត កោះពេជ្រ។ បន្ទាប់ពីសម្រាលកូនរួច គាត់ (ជនរងគ្រោះ) ក៏បានសុំយកកូនដាក់លើទ្រូងរបស់លោកស្រី បន្ទាប់មកទារកក៏ត្រូវបានប្រគល់ឱ្យស្វាមីលោកស្រីនិងក្រុមគ្រួសារ។ ខាងពេទ្យជំនាញបានបន្តការងារតាមជំនាញរបស់ពេទ្យដែលត្រូវបានចំណាយពេលរហូតដល់៣ម៉ោង។

ដោយសារតែចាំយូរពេកក្រុមគ្រួសារក៏បានចូលទៅសួរពីមូលហេតុដែលចំណាយពេលយូរនេះ ទើបគ្រូពេទ្យនៅមន្ទីរពេទ្យ អឃីតប្រាប់ថា ស្ថានភាពរបស់ជនរងគ្រោះមានសភាពមិនស្រូលដោយចង្វាក់បេះដូងលោតញ៉ាប់ ត្រូវបញ្ជូនទៅពេទ្យរដ្ឋដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ក្រោយពីបញ្ជូនទៅពេទ្យរដ្ឋនិងសង្គ្រោះរួវមកចង្វាក់បេះដូងរបស់ជនរងគ្រោះបានត្រឡប់មកស្ថានភាពធម្មតា ក៏ប៉ុន្តែជាអកុសលនាងបានប្រតិកម្មភ្លាមៗដែលបណ្តាល់ធ្វើឲ្យនាងដាច់ខ្យល់ស្លាប់ភ្លាមនៅទីនោះតែម្ដង។

នៅមិនទាន់មានការសន្និដ្ឋានច្បាស់លាស់ណាមួយជុំករណីដែលបណ្តាលឈានឱ្យមានការបាត់បង់ជីវិតស្ត្រីដែលជាជនរងគ្រោះដែលធ្វើឱ្យក្រុមគ្រួសារ ពិសេសស្វាមីរបស់លោកស្រី ម៉ានិច្ច មិនអស់ចិត្តហើយបន្សល់នូវការឈឺចាប់នឹងអាឡោះអាល័យបំផុតរកអ្វីនឹងថ្លែងពុំបាន។

ក្រោយពីមានហេតុការណ៍ខាងលើនោះ ខាងមន្ទីពេទ្យអឃីដបានបកស្រាយថា ជាករណីដ៏កម្រកើតមានឡើងលើស្រ្តីកំពុងសម្រាលកូន។

ពាក់ព័ន្ធនឹងករណីនេះ អ្នកសារព័ត៌មាន ក៏បានទាក់ទងសុំការបំភ្លឺទៅខាងមន្ទីរពេទ្យដែរ ប៉ុន្តែខាងមន្ទីរពេទ្យអឃីត សុំមិនបំភ្លឺឱ្យលម្អិតឡើយ។ តែយ៉ាងណា ខាងមន្ទីរពេទ្យបានចេញសេចក្តីបំភ្លឺនាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ថាករណីគ្រោះថ្នាក់បាត់ជីវិតដល់ស្ត្រីសម្រាលកូនរូបនេះ គឺជាករណីដ៏កម្រកើតមានឡើងលើស្រ្តីមានផ្ទៃពោះ ឬកំពុងសម្រាល ឬក្រោយសម្រាលដោយធម្មជាតិ ឬដោយការវះកាត់។

មន្ទីរពេទ្យបានបញ្ជាក់ថា ការជ្រៀតចូលបំណែកតូចៗនៃទឹកភ្លោះរបស់កូនចូលក្នុងសរសៃឈាមម្ដាយហើយ ចូលទៅស្ទះនៅក្នុងសរសៃឈាមនៅក្នុងសួតរបស់ម្តាយធ្វើឱ្យម្តាយមានអាការស្ទះសរសៃ ឈាមភ្លាមៗហើយបណ្តាលឱ្យគាំងបេះដូង ដែលភាគច្រើនស្លាប់ភ្លាមៗនៅនឹងកន្លែងដែលមិនអាចឱ្យគ្រូពេទ្យសង្គ្រោះទាន់ពេលវេលាបានទេ។

ជាមួយគ្នានេះខាងមន្ទីរពេទ្យបានបញ្ជាក់ មន្ទីរពេទ្យបានប្រឹងប្រែងតាមគ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះតាមបែបវេជ្ជសាស្ត្រ ដល់អតិថិជនរបស់ខ្លួនដែរ ប៉ុន្តែជាអកុសលមិនអាចសង្រ្គោះបានទាន់ពេលវេលាដោយសារស្ថានភាពអ្នកជំងឺវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើង។

ពលរដ្ឋជាច្រើនបានចូលទៅ Comment ចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយចំពោះមរណៈភាពរបស់លោកស្រី ប៉ាក់ ម៉ានិច្ច។

យ៉ាងណាមិញ អ្នកលេងក្នុងបណ្តាញសង្គមបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការបកស្រាយរបស់ខាងមន្ទីពេទ្យអឃីតដែលបានសរសេរថា «ករណីនេះជួបប្រទះរាល់គ្រប់សម្ភពទាំងអស់មិនថានៅក្នុងប្រទេសកម្ពុជា ឬក្រៅប្រទេសទេ ពេលដែល កើតមានករណីនេះឡើងគ្រូពេទ្យបានត្រឹមតែ ជួយសង្គ្រោះអស់ពីលទ្ធភាពតាមតែអាចធ្វើបានលទ្ធផលយ៉ាងណាសម្រេចលើព្រហ្មលិខិតទាំងស្រុងមិនអាចជៀសរួចបាន»។ គួរបញ្ជាក់ថាឃ្លានេះត្រូវបានខាងមន្ទីពេទ្យលុបចេញវិញបន្ទាប់ពីរងការរិះគន់ពីអ្នកលេងក្នុងបណ្តាញសង្គម។

បច្ចុប្បន្នសពស្ត្រីរូបនោះ ត្រូវបានយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះលេខ៣៥A ផ្លូវ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ករណីនេះមានអ្នក Comments ជាច្រើនថា, (ចូលរួមរំលែកទុក្ខផងអុំសោកស្ដាយខ្លាំងណាស់ មិនគួរអោយជឿទេលឿនពេកហើយបងស្រីអើយ , ក្មួយយពិបាកធ្វើចិត្តចំពោះដំណឹងដ៏សោកសៅនេះ ណាស់អ្នកមីង បងនិច្ចគាត់ជាមនុស្សមាន ទឹកចិត្ត មិនគួរជួបរឿងបែបនេះទេ, សូមចូលរំលែករួមទុក្ខផងបង, ចូលរួមសោកស្តាយផងបងស្រី សូមវិញ្ញាណក្ខន្ធ ក្មួយស្រីបានទៅកាន់ទីដ៏ស្ងប់សុខ, សូមចូលរួមសោកស្តាយ និងរំលែកទុក្ខដ៏ ក្រៀមក្រំនេះជាមួយក្រុមគ្រួសារផង,  សូមចូលរួមរំលែកទុក្ខផងមីង ,ខ្ញុំពិតជារន្ធត់ចិត្តណាស់ , ) ជឿជាក់ថា, បើប្រិយមិត្តចូលមើលក្នុង facebook នោះ ប្រាកដពីយល់ពីអារម្មណ៍មួយនេះហើយ ពិសេសង្ឃឹមថា, គ្លីនិក១នេះ មានភាពទទួលខុសត្រូវ ហើយខាងជំនាញ មន្ទីរ-ក្រសួងសុខាភិបាល នឹងមានចំណាត់ការ តាមនីតិវិធី ៕

ដោយ : សិលា


ចែករំលែក៖