ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូមួយគ្រឿងដែលជិះដោយយុវជន២នាក់បណ្ដាលឱ្យដួលហើយបានប្លន់យកទូរស័ព្ទនិងខ្សែដៃបានសម្រេច រួចជិះម៉ូតូចេញទៅហៅបក្សពួកមកបន្ថែមទៀតក្នុងគោលបំណងមកប្លន់យកម៉ូតូ តែបានប្រជាពលរដ្ឋជួយធ្វើអន្តរាគមន៍ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្សារដីថ្មី តាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្កិម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1JB-1167 ធ្វើដំណើរចេញពីម្ដុំបឹងសាឡាង បំណងទៅលេងផ្ទះបងប្អូននៅម្ដុំផ្លូវវេងស្រេង(មហាវិថីចោមចៅ)លុះធ្វើដំណើរមកដល់ផ្លូវបេតុងមួយកន្លែងគ្មានលេខក៏មានជនសង្ស័យបួននាក់ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកមកធាក់ម៉ូតូរបស់គាត់ឱ្យដួលបំណងប្លន់យកម៉ូតូ ក្នុងពេលនោះក្រុមជនសង្ស័យដណ្ដើមយកបានទូរសព្ទ័មួយគ្រឿងម៉ាកoppoនឹងខ្សែដៃផ្លាទីនមួយខ្សែ រួចជិះម៉ូតូរត់គេចខ្លួនទៅបាត់ទៅ។ មួយសន្ទុះក្រោយមកក្រុមជនសង្ស័យដដែលបានហៅគ្នាមកកាន់តែច្រើន បំណងលើកយកម៉ូតូជនរងគ្រោះ តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះជួយ ដោយទាញកាំបិតបុ័ងតោមកគំរាមទើបក្រុមជនសង្ស័យភ័យជិះម៉ូតូរត់បាត់ស្រមោលទៅ ចំណែកជនរងគ្រោះទាំងពីរនាក់រងរបួសរលាត់ដៃជើង ។
ក្រោយកើតហេតុ ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេ គ្រាន់តែសំណូមពរឱ្យសមត្ថកិច្ចជួយល្បាតក្នុងមូលដ្ឋានដើម្បីការពាសន្តិសុខសុវត្តិភាពជូនដល់ប្រជាពរដ្ឋកុំឱ្យមានបទល្មើសកេីតឡេីងបន្តទៀត ៕
ដោយ ៖ ភារ៉ា ដង្កោ