ព័ត៌មានទាន់ហេតុការណ៍៖

នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ ! ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារុស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារុស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ ! 

សូមបញ្ជាក់ថា, បើយោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ កម្ពុជា នឹងត្រៀមលក្ខណៈរៀបចំថ្វាយព្រះរាជបដិសណ្ឋារកិច្ចទទួលនិងជូនព្រះរាជដំណើរព្រះរាជគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយព្រះចៅស៊ុលតង់ (HAJI HASSANAL BOLKIAH) ព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋនៃប្រទេសព្រុយណេដារុស្សាឡាម នឹងយាងមកបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ។ 

សូមបញ្ជាក់ជូនថា ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះចៅស៊ុលតង់ យាងមកកាន់កម្ពុជា ជាការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ។ 

សូមជម្រាបជូនចា,  មហាវិថីធំៗមួយចំនួននឹងមមាញឹក ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជាពិសេសមហាវិថីព្រះមុនីវង្ស តំបន់ជ្រោយចង្វារត្រើយខាងកើត មហាវិថីព្រះនរោត្តម និងមហាវិថីសហព័ន្ធរុស្សុី។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ៨-១៣ វិច្ឆិកា ឆ្នាំ ២០២២ កម្ពុជានឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ របស់ប្រធានាធិបតី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងអន្តរជាតិ ដែលបំពេញទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ជាពិសេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើចរាចរណ៍តាមមហាវិថីដែលបានរៀបរាប់ខាងលើ ត្រៀមបញ្ចៀសទៅផ្លូវផ្សេង ដើម្បីចៀសវាងការកកស្ទះធ្វើឱ្យប៉ះពាល់ និងខាតពេលវេលាធ្វើដំណើរ ៕

ដោយ : សហការី


ចែករំលែក៖