ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល ១០ ឆ្នាំកន្លងមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមជួយសង្គម បម្រើប្រទេសជាតិបានច្រើន

ចែករំលែក៖

ភ្នំពេញ ៖ រយៈពេល ១០ ឆ្នាំកន្លងមកនេះ ក្នុងនាមជាសមាជិកម្នាក់នៃមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំពិតជាមានមោទនភាពក្នុងការពាក់ឯកសណ្ឋានមួយនេះ។ ជាការថ្លែងដោយ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។ 

លោក ហ៊ុនម៉ានី បានលើកឡើងថា, ឈ្មោះ និងរូបសញ្ញារបស់ ស.ស.យ.ក. បានក្លាយជានិមិត្តរូបនៃការចូលរួមជាមួយសង្គមរបស់យុវជន ដែលទទួលបានការទទួលស្គាល់ ជឿទុកចិត្ត និងកោតសរសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។

លោកបន្តថា, កត្តានេះបានទាក់ទាញចិត្តយុវជនទូទៅឱ្យចង់ចូលរួមជាមួយ ស.ស.យ.ក. ជាបន្តបន្ទាប់ ដែលបានធ្វើឱ្យសមាជិក សមាជិកាកាន់តែរីកធំធាត់ឥតឈប់ឈរ។

បេសកកម្ម និងសកម្មភាពរបស់ ស.ស.យ.ក. បានឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់យើងក្នុងការបន្តចូលរួមជាមួយរាជរដ្ឋាភិបាល លើកិច្ចការសង្គម និងក្នុងការបណ្តុះស្មារតីនេះក្នុងស្រទាប់យុវជនជំនាន់ក្រោយ។

មូលដ្ឋាននៃកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែល សមាជិក សមាជិកាគ្រប់រូបបានរួមចំណែក និងលះបង់កន្លងមក នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ ស.ស.យ.ក. ក្នុងការបន្តដំណើរឆ្ពោះទៅអនាគតដើម្បីបុព្វហេតុជាតិ មាតុភូមិ។

លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាព សហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងថា, ថ្ងៃនេះ មានរយៈពេល១០ឆ្នាំគត់ ដែលខ្ញុំបានរួមដំណើរការងារក្នុង «សហភាពសហព័ន្ធយុវជនកម្ពុជា» (ស.ស.យ.ក) ដែលមានលោល ហ៊ុន ម៉ានី ជាប្រធានដឹកនាំ បន្ទាប់ពីបានប្តូរឈ្មោះពី «សមាគមយុវជនកម្ពុជា» (ស.យ.ក) ដែលមានលោក ម៉ែន កួន ជាប្រធាន ហើយប្រធានទី១របស់យើងគឺ សម្តេចតេជោ ហ៊ុន សែន ដែលចាប់ផ្តើមនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ខ្ញុំបានរក្សាយ៉ាងល្អនូវឯកសារនៃការចាប់ផ្តើមពី១០ឆ្នាំមុននេះ រួមមានទាំងលិខិតអញ្ជើញចូលរួមមហាសន្និបាតលើកទី៣។ ១០ឆ្នាំមកនេះ ស.ស.យ.ក រួមចំណែកសម្រេចបានសមិទ្ធផល គួរជាទីមោទនក្រៃលែង ជាមួយនឹងនិមិត្តសញ្ញានិងឯកសណ្ឋានដែលប្រជាជនទទួលស្គាល់និងអបអរសាទរ។ នៅក្នុងរចនាសម្ព័ន្ធ ស.ស.យ.ក ដែលបន្តវេនទាំងបេសកកម្មនិងស្មារតី២ធ្នូ ឆ្នាំ៧៨ ពី ស.យ.ក ខ្ញុំមានភ័ព្វវាសនានៅលេខរៀងពៅគេ ទី«៧៨» ៕

ដោយ : សិលា


ចែករំលែក៖