ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន ដែល​បាន​ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​ នៅ​ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ទិវាកំណើតកងយោធពលខេមរភូមិន្ទ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែល​បាន​ពលីជីវិត​ក្នុង​សម័យ​សង្គ្រាម​នៅ​ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣ – ៩វិច្ឆិកា ឆ្នាំ២០២២  ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងសុន្ទរកថា ដោយបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៦៩ឆ្នាំកន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់ដំណាក់កាល ផ្លាស់ប្ដូរក្នុងដំណើរបត់បែននៃប្រវត្តិសាស្ត្រជាច្រើន និងទទួលនិន្នាការនយោបាយខុសៗគ្នា។  តែបច្ចុប្បន្ននេះកងយោធពលខេមរភូមិន្ទ នៅតែរក្សាបាននូវអត្តសញ្ញាណជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលប្រសូត្រចេញពីប្រជាជននិងដើម្បីប្រជាជនកម្ពុជា ។ 

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា មកដល់បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ បានរីកចម្រើនធំធាត់ ទាំងបរិមាណនិងគុណភាព នឹងបានកែទម្រង់ជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅ​ក្នុង​ឱកាសនេះ​ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានចូលរួម  បានអញ្ជើញដុតធូបគោរពវិញ្ញាណក្ខន្ធនៅតាមផ្នូរសពរបស់កម្មាភិបាលយុទ្ធជនយុទ្ធនារី  ដែលបានតម្កល់ទុកនូវវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិត​នៅ​ភូមិ​ក្រចាប់​ សង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់ធំ​ ផងដែរ៕

ដោយ : សហការី


ចែករំលែក៖