ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសអភិបាលរង មួយរូបទៀត ត្រូវបានចូលកាន់មុខតំណែងជាផ្លូវការ គឺលោក អុីមរ៉ន ហាស្សាន់ នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក ឡេង វី រដ្ឋលេខាធិការក្រសួង មហាផ្ទៃ តំណាងឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមានការចូលរួមពីលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ពិធីនេះត្រូវប្រកាសតែងតាំងលោក អុីមរ៉ន ហាស្សាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ឱ្យកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ១រូបទៀត ក្រោយពីបានប្រកាសឱ្យកាន់តំណែងអភិបាលរងរាជធានីភ្នំពេញចំនួន៣រូបរួចមកហើយ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២ កន្លងមកនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានធ្វើការណែនាំឱ្យ លោក អុីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការឱ្យបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ដោយអនុវត្តការងារដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។
លោក ឡេង វី រដ្ឋលេខាធិការក្រសួង មហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ៖ តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែអភិបាលរង៣រូបនោះ យើងបានប្រកាសតែងតាំងរួចហើយ នៅសល់មួយរូបទៀត ត្រូវបានប្រកាសតែងតាំងនៅពេលនេះ។ ដូច្នេះ សម្រាប់អភិបាលរង ដែលត្រូវបានតែងតាំងថ្មី ត្រូវបំពេញការងារឱ្យបានល្អជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បី ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចំរើននិងមានសោភណ្ឌភាពស្រស់បំព្រងបន្ថែមទៀត។
លោក ឡេង វី បានធ្វើការណែនាំឱ្យ រដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋនិងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម ។ ចំពោះកម្លាំងប្រដាប់ អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាឱ្យបានល្អ និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព។
ដើម្បីឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាពកាន់តែល្អប្រសើរនោះ លោកស្នើអោយ អាជ្ញាធររាជធានី គ្រប់គ្រងសំណង់អោយបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកំពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ អោយវេចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវនិងជម្រុញអោយក្រុមហ៊ុន ប្រមូលសំរាមអោយបានទាន់ពេលវេលា។
សូមបញ្ជាក់ថា៖ គណៈអភិបាលរាជធានីភ្នំពេញ មកដល់នេះមានចំនួន១១រូបហើយ ដែលមានលោក ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានអភិបាលរងចំនួន១០នាក់ទៀតរួមមាន៖ ១.លោក កើត ឆែ ,២.លោក មាន ចាន់យ៉ាដា ,៣.លោកហួត ហៃ,៤.លោកស្រី កែវ សុខពិសី ,៥.លោក ស៊ុយ សេរិទ្ធ ,៦.លោកនួន ផារ័ត្ន ,៧. លោក ឃ្លាំង ហួត , ៨.លោក សុខ ពេញវុធ ,៩. លោក ហ៊ុន សុរិទ្ធី និង ១០. លោក អុីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃនេះ៕
ដោយ ៖ សំរិត