ព័ត៌មានទាន់ហេតុការណ៍៖

Man United យកឈ្នះ Sociedad ១-០ ប៉ុន្តែត្រូវប្រកួតវគ្គ Playoff

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Real Sociedad ក្នុងលទ្ធផល ១-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍ ប៉ុន្តែក្រុមអេស្ប៉ាញបានបញ្ចប់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Europa League ពូល E ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង ហើយក្រុមអង់គ្លេសនឹងឡើងទៅប្រកួតវគ្គ Playoff ជុំចុងក្រោយ។

កីឡាករវ័យក្មេង Alejandro Garnacho រកបានគ្រាប់បាល់ដំបូងរបស់គេសម្រាប់ Man Utd បន្ទាប់ពី១៧នាទីនៅពេលដែល Cristiano Ronaldo បានបញ្ជូនបាល់យ៉ាងល្អឱ្យ ហើយកីឡាករវ័យ១៨ឆ្នាំរូបនេះបានបំប៉ោងសំណាញ់ទីគូប្រកួតក្នុងតង់ទី១។

អ្នកចាត់ការលោក Erik ten Hag បាននិយាយថា “ខ្ញុំពិតជារីករាយជាមួយនឹងការលេងរបស់គាត់ គាត់គឺជាការខ្សែប្រយុទ្ធល្អម្នាក់ គាត់បានស៊ុតបាល់បញ្ចូលទី និងការពារបានយ៉ាងល្អ។ វាជាការបញ្ចប់ដ៏អស្ចារ្យ ការវាយបកដ៏អស្ចារ្យ និងពិតជារីករាយ”។

Ronaldo មានឱកាសនាំមុខគ្រាប់ទី២បន្ទាប់ពីនាទីទី៤២ នៅពេលដែលគាត់បានបញ្ជូនបាល់ហោះលើសំណាញ់ទីក្រុម Sociedad ប៉ុន្តែការស៊ុតរបស់គាត់មិនចំគោលដៅទេ។ Sociedad ក៏មានឱកាសតាមស្មើបានមួយនាទីក្រោយមក ប៉ុន្តែការស៊ុតបាល់របស់ Pablo Marin ពីក្រៅប្រអប់ត្រូវបានសង្គ្រោះយ៉ាងអស្ចារ្យដោយអ្នកចាំទី David De Gea ។

ក្រុម Man United ត្រូវការ១គ្រាប់ទៀតដើម្បីវ៉ាដាច់ក្រុម Sociedad ក្នុងតារាងពិន្ទុ ប៉ុន្ដែពួកគេបានព្យាយាមបង្កើតឱកាសក្នុងតង់ទីពីរនៅតែមិនបានសម្រេច។

“អ្នកមិនតែងតែទទួលបានអ្វីដែលអ្នកសមនឹងទទួលបាននោះទេ។ នៅក្នុងការប្រកួតដំបូងមានការពិន័យដែលយើងមិនបានគិតថា ជាបាល់ពិន័យ ប៉ុន្តែថ្ងៃនេះយើងបានឈ្នះ។ មានចំណុចវិជ្ជមានមួយចំនួនដូចជាGarnacho, Donny van De Beek ត្រឡប់មកក្រុមវិញ យើងរកបានគ្រាប់បាល់ដ៏ល្អមួយ ប៉ុន្តែជាអកុសល យើងមិនទទួលបានពីរគ្រាប់ដែលយើងត្រូវការ”។ លោក Ten Hag បាននិយាយដូច្នេះ។

ក្រុម Sociedad ឈរ​កំពូល​តារាង​មាន​១៥​ពិន្ទុ​ដូចគ្នា​នឹង United ដែរ ប៉ុន្តែចំណេញគ្រាប់បាល់ច្រើនជាង១គ្រាប់។ ចំណែកក្រុម Sheriff Tiraspol របស់ Moldova នឹងឈានទៅប្រកួត Europa Conference League បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣បន្ទាប់ពីយកឈ្នះលើ Omonoia Nicosia ក្នុងផ្ទះ ១-០ ។

ក្រុមផ្សេងទៀតដូចជា Feyenoord បានយកឈ្នះក្រុម Lazio ក្នុងលទ្ធផល ១-០ ដើម្បីបញ្ចប់កំពូលតារាងនៃពូល F បន្ទាប់ពីការប្រកួតជុំចុងក្រោយដ៏គួរឱ្យរំភើប ដែលបានធ្វើឱ្យក្រុមទាំង៤មាន៨ពិន្ទុដូចគ្នា។ ក្រុម Midtjylland របស់ដាណឺម៉ាក ដណ្តើមបានចំណាត់ថ្នាក់លេខ២ បន្ទាប់ពីបានយកឈ្នះក្រុម Sturm Graz របស់អូទ្រីស ក្នុងលទ្ធផល ២-០ ហើយក្រុម Lazio បានឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Conference League បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

ក្រុមដែលឈ្នះក្នុងពូល G គឺ Freiburg បានស្មើ ១-១ នៅ Qarabag ហើយក្រុម Nantes របស់បារាំងនឹងឡើងទៅកាន់វគ្គជម្រុះជុំចុងក្រោយបន្ទាប់ពីឈ្នះ ២-០ លើក្រុម Olympiakos ។

ក្រុមឈ្នះក្នុងពូល H គឺ Ferencvaros មានសិទ្ធិសម្រាប់ឡើងជុំទី១៦ បើទោះបីជាចាញ់ Trabzonspor ១-០ ក៏ដោយ។ AS Monaco នឹងឈានចូលវគ្គ Playoff បន្ទាប់ពីយកឈ្នះ Red Star Belgrade ៤-១ ហើយក្រុមTrabzonspor បានធ្លាក់ទៅលេងនៅពាន Conference League ក្រោយទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពូល ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters/CNA)


ចែករំលែក៖