ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកវរសេនីយ៍ឯកបម្រុង Tran Van Tam ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា បានដឹកនាំសហការីចូលជួបសំដែងការគួរសម និងជូនពរឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ។
លោកវរសេនីយ៍ឯកបម្រុង Tran Van Tam ក្នុងនាមកងទ័ពប្រជាជនវៀតណាម បានសម្ដែងអំណរសាទរខួបលើកទី៦៩ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងជូនពរនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ និងទទួលជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន។
លោកវរសេនីយ៍ឯកបម្រុង Tran Van Tam បានរំលេចពីព្រឹត្តិការណ៍សំខាន់ៗក្នុងឆ្នាំ២០២២ ដែលប្រទេសទាំងពីរបានសហការគ្នាយ៉ាងល្អ ក្នុងនោះពិធីរំឭកខួបលើកទី៤៥ ទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឆ្លុះបញ្ចាំងពីការវិវត្តន៍របស់កម្ពុជា ក៏ដូចជាការវិវត្តន៍នៃទំនាក់ទំនកម្ពុជា-វៀតណាម និងការធ្វើលំហាត់រួមគ្នាក្នុងកិច្ចការស្វែងរកនិងជួយសង្គ្រោះមនុស្ស នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
លោកវរសេនីយ៍ឯកបម្រុងប្រធានកាយាល័យអនុព័ន្ធយោធាវៀតណាម បានប្តេជ្ញាថានឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីពង្រឹងចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀតនៅបណ្ដាឆ្នាំខាងមុខ។
ជាកិច្ចឆ្លើយតបនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលបានដឹកនាំប្រតិភូមកជូនពរក្នុងឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលធ្លាប់ជួយគ្នាទៅវិញទៅមក ក្នុងនាមប្រទេសភូមិផងរបងជាមួយ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីការរីកចម្រើនរបស់ប្រទេសទាំងពីរលើគ្រប់វិស័យ ដែលកត្តានេះអាស្រ័យដោយប្រទេសនីមួយៗមានស្ថិរភាពល្អ ហើយនៅតំបន់ព្រំដែនប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា។
ជាមួយនោះដែរលោកអគ្គមេបញ្ជាការ ក៏បានសម្ដែងនូវការដឹងគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ពប្រជាជនវៀតណាម ដែលបានជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ហើយមកដល់បច្ចុប្បន្នប្រទេសវៀតណាមនៅតែបន្តជួយកម្ពុជាឲ្យមានការរីកចម្រើន ស្មើមុខស្មើមាត់ជាមួយប្រទេសនៅក្នុងតំបន់ ក៏ដូចជាពិភពលោក ក្នុងនោះគឺការជួយបណ្តុះបណ្ដាលធនធានមនុស្ស៕
ដោយ៖ សូរិយា