ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្មេងៗឃ្វាលក្របីប្រញាប់ប្រញាល់រាយការណ៍ទៅសមត្ថកិច្ចនិងអ្នកភូមិបន្ទាប់ពីពួកគេប្រទះឃើញបុរសម្នាក់ដេកស្លាប់ផ្កាប់មុខនៅលើភ្លឺស្រែក្រោមធាងត្នោតដែលគេសង្ស័យថាជនរងគ្រោះមានជំងឺខ្យល់គរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៣ខែវិច្ឆិកាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិដែកភ្លើង ឃុំរាជមន្ទី ស្រុកកំពង់រោទ៍។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ មា យិត អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍មកភ្លាមសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញព្រមទាំងគ្រូពេទ្យបានចុះទៅពិនិត្យហើយសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន គឺមិនមានស្នាកស្នាមសម្គាល់ថាជារឿងឃាតកម្មនោះទេ។
តាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើជាមនុស្សស្រវឹងខួបផឹកស្រាជាប្រចាំ ហើយផឹកម្ដងៗមិនដែលឃើញហូបបាយឡើយ ដោយបុរសនេះមានមុខរបរលីធាងត្នោតដើម្បីយកលុយទិញស្រាផឹក។
ប្រភពបន្តថា មុនកើតហេតុគេឃើញបុរសខាងលើបានដើរលើភ្លឺស្រែខាងជើងផ្ទះរបស់ខ្លួនចម្ងាយ១៣០ម៉ែត្រដើម្បីរកធាងត្នោតដូចសព្វដង ខណៈម្នាក់ៗមិនបានចាប់អារម្មណ៏អ្វីនោះទេ។
ក្រោយមកស្រាប់តែមានក្មេងៗរត់មកប្រាប់អ្នកភូមិថាឃើញបុរសខាងលើដេកស្លាប់នៅលើភ្លឺស្រែបាត់ទៅហើយទើបបង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្នសពក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕
ដោយ៖ សុថាន