ខេត្តសៀមរាប ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអេកម៉ិក (ACMECS) និងប្រទេសសមាជិក CLMV បានកោតសរសើរចំពោះការរៀបចំតំបន់ទេសចរណ៍ Pub Street របស់ខេត្តសៀមរាប ដែលកំពុងមានភាពទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងវិញ បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ដោយសារតែការរីករាលដាលជំងឺកូវីដ១៩។
ក្រសួងទេសចរណ៍បន្តថា, ការកោតសរសើរនេះត្រូវបានលើកឡើងនាអំលុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
គួរជម្រាបថា នាឱកាសអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំធំៗទាំងពីរនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំរដ្ឋមន្ត្រីទេសចរណ៍និងប្រតិភូនៃប្រទេសសមាជិកអេកម៉ិក និង CLMV ដទៃទៀតទៅទស្សនកិច្ចនៅតំបន់ទេសចរណ៍នាពេលរាត្រី Pub Street នាក្រុងសៀមរាប។
នាដំណើរទស្សនកិច្ចនោះ គណៈប្រតិភូនៃប្រទេសជាសមាជិកអេកម៉ិក ក៏ដូចជាប្រទេសសមាជិក CLMV បានដើរទស្សនកិច្ចដោយថ្មើរជើងនៅតាមផ្លូវនៃតំបន់ Pub Street នោះប្រកបដោយភាពសប្បាយរីករាយ និងទទួលបានការស្វាគមន៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងដើរលេងកម្សាន្តនៅទីនោះ។
គណៈប្រតិភូបានមើលឃើញពីសក្ដានុពលនៅតំបន់ Pub Street ដែលជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ផ្ដល់ជូននូវការកម្សាន្តសប្បាយបន្ថែមសម្រាប់ភ្ញៀវទេសចរដែលមកដល់ទឹកដីខេត្តសៀមរាប។
ក្រសួងទេសចរណ៍បញ្ជាក់ទៀតថា, គណៈប្រតិភូសមាជិកអេកម៉ិក និង CLMV ក៏បានកោតសរសើរដល់កម្ពុជាចំពោះការរៀបចំតំបន់ទេសចរណ៍រាត្រី Pub Street នេះឱ្យមានភាពទាក់ទាញឡើងវិញ នៅតាមដងផ្លូវមានភាពស្អាតជាងមុន ការរៀបចំតុបតែងនៅតាមហាងនីមួយៗកាន់តែមានសោភ័ណភាព បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ ក៏ដូចជាការបិទបណ្ដោះអាសន្នដោយសារតែការរីករាលដាលជំងឺកូវីដ១៩។ Pub Street គឺជាតំបន់ទេសចរណ៍នាពេលរាត្រីតូចមួយនៅខេត្តសៀមរាប ដែលភ្ញៀវទេសចរបរទេសទូទៅទទួលស្គាល់ជាពិភពលោកដ៏តូចមួយ (Small World)។
គណៈប្រតិភូសមាជិកអេកម៉ិក (ACMECS) និងប្រទេសសមាជិក CLMV បានសម្ដែងនូវអំណរគុណចំពោះកម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់ នាអំលុងពេលរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, នារាត្រីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២នេះដែរ ភាគីកម្ពុជាក៏បានរៀបចំពិធីលៀងសាយភោជន៍ (Gala Dinner) ជូនប្រតិភូប្រទេសសមាជិកអេកម៉ិក ក៏ដូចជាប្រទេសសមាជិក CLMV នៅសណ្ឋាគារបុរីអង្គរ ខេត្តសៀមរាប បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ រយៈពេល២ថ្ងៃ (២-៣ វិច្ឆិកា ២០២២)។
នៅក្នុងពិធីលៀងសាយភោជន៍នោះ ក៏មានការសម្ដែងសិល្បៈ ចម្រៀង របាំ ការរាំលេងកម្សាន្តដែលផ្សារភ្ជាប់នឹងវប្បធម៌ប្រពៃណីខ្មែរ ដូចជា របាំអប្សរាមហានគរឬរបាំព្រះរាជទ្រព្យ របាំក្ងោកសិល្ប៍ របាំរំដួលបុប្ផាជាតិ របាំនេសាទ ពិសេសគឺរបាំចំណងមិត្តភាពរួមគ្នាកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ-វៀតណាម។ នៅក្នុងបរិវេណនៃពិធីនោះដែរ ក៏ថែមទាំងមានរៀបចំតាំងបង្ហាញនូវម្ហូបអាហារបែបខ្មែរសម្រាប់ឱ្យភ្ញៀវនិងគណៈប្រតិភូទទួលទាន ដូចជា នំបញ្ចុក នំពុម្ភ នំដុត អំបុកជាដើម។
សូមជម្រាបដែរថា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ គណៈប្រតិភូទេសចរណ៍អេកម៉ិក និង CLMV ក៏នឹងអញ្ជើញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ពិសេសគឺប្រាសាទអង្គរវត្ត និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏ដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជុំវិញផងដែរ៕
ដោយ ៖ សហការី