ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌចំការមន ស្នើប្រជាពលរដ្ឋ រាយការណ៍មកអាជ្ញាធរ ពីតម្រូវការចាំបាច់ ដែលធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន ស្នើរឱ្យប្រជាពលរដ្ឋ រាយការណ៍មកអាជ្ញាធរ ពីចំណុចខ្វះខាត និងអ្វីជាតម្រូវការចាំបាច់ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ។ នេះជាការលើកឡើងរបស់លោក ហ៊ត វ៉ាន់ធី អភិបាលរងខណ្ឌ តំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ក្នុងពិធីបើកការដា្ឋនអនុវត្តគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ នៅក្នុងសង្កាត់ទួលទំពូងទី១ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងឱកាសនេះ លោកអភិបាលរងខណ្ឌ បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាវិភាជន៍ដល់ឃុំ-សង្កាត់ទូទាំងប្រទេស មានការកើនឡើងជាលំដាប់រៀងរាល់ឆ្នាំ ដើម្បីរៀបចំ អភិវឌ្ឍន៍មូលដ្ឋាន ស្របតាមស្ថានភាព ដែលតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ដោយឡែក ចំពោះសង្កាត់ នៅក្នុងរាជធានីភ្នំពេញ បានរៀបចំផែនការអភិវឌ្ឍន៍របស់ខ្លួន ដោយផ្តោតជាសំខាន់ ទៅលើគម្រោង ជាអាទិភាពរួមមានការជួសជុលផ្លូវ ដាក់ភ្លើងបំភ្លឺផ្លូវសាធារណៈ ដាក់លូ ស្តាលូ និងការរៀបចំការ៉ូឡា ឱ្យមានលក្ខណៈ ល្អប្រសើរ និងមានគុណភាពខ្ពស់។

ជាមួយគ្នានេះ លោកអភិបាលរងខណ្ឌចំការមន ស្នើរឱ្យប្រជាពលរដ្ឋ រាយការណ៍មកអាជ្ញាធរ ពីចំណុចខ្វះខាត និងអ្វីជាតម្រូវការចាបាច់ ដូចជា ភ្លើងបំភ្លឺផ្លូវនៅតាមច្រកផ្លូវតូចៗ ដែលធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ដើម្បីអាជ្ញាធរសង្កាត់-ខណ្ឌ ពិនិត្យ និងដោះស្រាយជូន ឱ្យស្របតាមគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

សូមជម្រាបថា សម្រាប់គម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២២ សង្កាត់ទួលទំពូងទី១ បានលើកគម្រោងដាក់លូដោះទឹក ទំហំ ០,៨ម៉ែត្រ ប្រវែង ២៣០ម៉ែត្រ លើកំណាត់ផ្លូវលេខ៤៤០ ចាប់ពីផ្លូវលេខ១៥៥ ដល់ផ្លូវលេខ១៦៣ ប្រវែង ១៣០ម៉ែត្រ ក្នុងភូមិ ៣ , ផ្លូវលេខ១៥៥ ចាប់ពីផ្លូវលេខ៤៤០ ដល់ផ្លូវលេខ៤៣២ ប្រវែង ៥៤ម៉ែត្រ ក្នុងភូមិ ៣, ផ្លូវលេខ១៦៣ ចាប់ពីផ្លូវលេខ៤៦០ ដល់ផ្លូវលេខ៤៦៤ ប្រវែង ៤៦ ម៉ែត្រ ក្នុងភូមិ២ ចំណាយថវិកាសរុបចំនួន ៤៨លាន ៣០ម៉ឺនរៀល។

ជាមួយគ្នានេះដែរ កម្លាំងនគរបាលប៉ុស្ដិទួលទំពូងទី១ ក៏បានធ្វើការផ្សព្វផ្សាយពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន ។ លោកឈុន ស្រ៊ុន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ បន្តជួយអប់រំកូនចៅ សូមឱ្យជៀសឆ្ងាយពីការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ៕

ដោយ៖ ជីណា


ចែករំលែក៖