ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំត្រួតពិនិត្យ កែសម្រួលសេចក្ដីព្រាងអនុក្រិត្យស្ដីពីការត្រួតពិនិត្យអត្ថពលករបរទេសរបស់ក្រសួងការងារ និងវិជ្ជាជីវៈ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យ កែសម្រួលសេចក្ដីព្រាងអនុក្រិត្យស្ដីពីការត្រួតពិនិត្យអត្ថពលករបរទេសរបស់ក្រសួងការងារ និងវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីនៃការរិយាល័យនីតិកម្មរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

កិច្ចប្រជុំនេះក៏បានកែសម្រួលនូវចំនុចមួយចំនួន និងលើកយោបល់អំពីបញ្ហាប្រឈមមួយចំនួន ក្នុងគោលបំណងវិភាគ សិក្សា និងប្រមូលផ្តុំនូវមតិយោបល់ពីនាយកដ្ឋានជំនាញអំពីលក្ខខណ្ឌនៃអត្ថពលករនៅព្រះរាជាណាចក្រកម្ពុជា របស់ជនបរទេសដែលមានគុណវុឌ្ឍិជាទេសចរពិសេស លើកជាធាតុចូល នៅក្នុងកិច្ចប្រជុំស្តីពីសេចក្ដីព្រាងអនុក្រិត្យអត្ថពលករបរទេស ដែលជាការផ្តួចផ្តើមដោយក្រសួងការងារ និងវិជ្ជាជីវៈ ដើម្បីដាក់ជូនថ្នាក់ដឹកនាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រួតពិនិត្យ កែសម្រួល និងធ្វើការសម្រេច ៕

ដោយ : សហការី


ចែករំលែក៖