ព័ត៌មានទាន់ហេតុការណ៍៖

អំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានប្រគល់ជូនដល់ដៃអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ចំនួន ៤២គ្រួសារ នៅស្រុកថ្មគោល

ចែករំលែក៖

 

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត លោក ជា សម្បត្តិ អភិបាល នៃគណៈអភិបាលស្រុកថ្មគោល ជាប្រធានកិត្តិយស ស.អ.ក ស្រុក លោកស្រីអនុប្រធានការិយាល័យសង្គមកិច្ចស្រុក ព្រមទាំងក្រុមការងារ សមាគម អតីតយុទ្ធជនខេត្ត-ស្រុក អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជូនដល់អតីតយុទ្ធជនស្រុកថ្មគោល ដែលមានជីវភាពខ្វះខាត ចំនួន ៤២គ្រួសារ នៅបរិវេណវត្តគោក្តួច ស្ថិតនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកមេបញ្ជាការ និងជាអនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ តែងតែយកចិត្តទុកដាក់ពីសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងមានបញ្ហាផ្សេងៗ។ លោកបានជំរុញដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុក ត្រូវបន្តសហការគ្នាចុះដល់មូលដ្ឋាន ដើម្បីបានដឹងពីសុខទុក្ខរបស់អតីតយុទ្ធជន ដែលកន្លងមកបានខិតខំទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើជាតិ មាតុភូមិ រក្សាសន្តិភាពសង្គម និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពដូចបច្ចុប្បន្ននេះ។

នៅក្នុងឱកាសនោះដែរ លោកអនុប្រធានក៏បានប្រគល់នូវអំណោយឧបត្ថម្ភរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជនទាំង ៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគ និងថវិកា ៣០.០០០រៀល។ ដោយឡែកអតីតយុទ្ធជនដែលមានជំងឺសម្រាកព្យាបាលនៅផ្ទះ ២គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគ បរិភោគ និងថវិកា ៩០.០០០រៀលផងដែរ៕

ដោយ ៖ សហការី


ចែករំលែក៖