ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌ៧មករា បានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានអ្នកវាយបុរសរើសអេតចាយ រួចរាល់ហើយ !

ចែករំលែក៖

ភ្នំពេញ ៖ ករណីក្រុមរៀបចំសណ្ដាប់ធ្នាប់ វាយបុរសរើសអេតចាយ រហូតដល់បង្ហោះព្រោងព្រាតតាមបណ្តាញទំនាក់ទំនងសង្គម facebook ! តាមរយៈការយកចិត្តទុកដាក់ពី លោកអភិបាល នៃគណៈអភិបាល ខណ្ឌ៧មករា រកឃើញថា,  ក្រុមការងារដែលបានប្រព្រឹត្តកំហុសមាន ឈ្មោះ ឆាំ ឆាន ។

 រដ្ឋបាលខណ្ឌ៧មករា បានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមានរួចរាល់ហើយ ! នេះបើយោងតាម របស់រដ្ឋបាលខណ្ឌ៧មករា ។

រដ្ឋបាលខណ្ឌ៧មករា មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៥៖៣០នាទី ក្រុមការងារចំនួន ០៤នាក់ បានចុះរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍លើ កំណាត់ផ្លូវលេខ១៦៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចតយានជំនិះ រទេះអេតចាយ និងរទេះលក់ទំនិញ ផ្សេងៗលើទ្រូងថ្នល់នៃកំណាត់ផ្លូវនេះ។ ក្នុងកំឡុងពេលនៃការរៀបចំសណ្តាប់ធ្នាប់នេះ ក្រុមការងារបានផ្សព្វផ្សាយ ណែនាំតាមឧគ្ឃោសនសព្ទឱ្យម្ចាស់យានជំនិះ និងរទេះដែលចតលើកំណាត់ផ្លូវ១៦៤ ឱ្យយកយានជំនិះ និងរទេះរបស់ ខ្លួនចេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍បានល្អប្រសើរ រំពេចនោះក៏មានយុវជនម្នាក់ដែលជាម្ចាស់រទេះអេតចាយ បានធ្វើសកម្មភាពជេរប្រមាថមកលើក្រុមការងារដោយមិនព្រមយករទេះចេញពីលើទ្រូងថ្នល់ ហើយក្រុមការងារក៏បាន ព្យាយាមនាំយករទេះ និងយុវជនម្នាក់នោះមកអប់រំ។ ប៉ុន្តែយុវជនជាម្ចាស់រទេះអេតចាយនោះមិនព្រម ថែមទាំងបន្តជេរ ប្រមាថមកលើក្រុមការងារ ក៏បានកើតមានការប្រតាយប្រតប់គ្នាទៅវិញទៅមករហូតដល់មានការប្រើអំពើហឹង្សារបន្តិច បន្ដួច។ ក្រោយកើតហេតុ រដ្ឋបាលខណ្ឌបានជួបជាមួយយុវជនជាម្ចាស់រទេះអេតចាយ ជាមួយគ្នានេះដែរយុវជនរូបនោះ បានសុំទោស និងទទួលស្គាល់កំហុស ហើយមិនមានការប្តឹងផ្តល់អ្វីឡើយ។ ចំពោះក្រុមការងារដែលបានប្រព្រឹត្តកំហុស ឈ្មោះ ឆាំ ឆាន រដ្ឋបាលខណ្ឌបានធ្វើការអប់រំ ដាក់ពិន័យដោយបញ្ឈរជើង ផ្អាកប្រាក់ខែរយៈពេល៦ខែ និងដាក់ពិន័យ ទៅតាមច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

ដោយ : សិលា


ចែករំលែក៖