ភ្នំពេញ ៖ ដោយអនុវត្តតាមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯភាពរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រ ១១ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ វិឆ្ឆិកា ឆ្នាំ២០២២នេះ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងសន្តិសុខ សហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ ចុះបង្ក្រាបល្បែងជល់មាន់និងបាញ់អាប៉ោង នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លទ្ធផល នៃប្រតិបត្តិការណ៍បង្ក្រាបនេះ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បានធ្វេីការឃាត់ខ្លួនមនុស្ស០៣នាក់,ម៉ូតូចំនួន០៣គ្រឿង , មាន់ចំនួន០៣ក្បាល (ងាប់១ក្បាល់),ខ្នាយដែក សម្រាប់តជល់មាន់១គូរ , ចានបាញ់អាប៉ោង១កំប្លេរ, ប៊ុងជល់មាន់ចំនួន០២ដុំ , ជញ្ជីងថ្លឹងមាន់០១ ,និងស្កុតរំជេីងមាន់០៤ដុំ ។
បច្ចុប្បន្ននេះ មនុស្សចំនួន០៣នាក់ពាក់ព័ន្ធបទល្មេីសខាងលេី ព្រមទាំងវត្ថុតាងដែលដកហូតបាន ត្រូវបានកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌមានជ័យ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ភារ៉ា ដង្កោ