ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ឯកឧត្តមអគ្គរដ្ឋទូត និងថ្លែងអំណរគុណចំពោះកិច្ចសហការដែលសហរដ្ឋអាមេរិកមានជាមួយកម្ពុជាលើវិស័យជាច្រើន ជាពិសេសនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការរួមចំណែកមួយធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត អាចឈានទៅដល់ការបើកដំណើរការប្រទេសឡើងវិញ។
សម្ដេចក្រឡាហោម ក៏សម្ដែងនូវសេចក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ និងបានជម្រាបជូនឯកឧត្តមដែរថា នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ និងប្រជាជនកម្ពុជានឹងទទួលស្វាគមន៍បណ្ដាថ្នាក់ដឹកនាំក្នុងតំបន់ និងអន្តរជាតិអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក្នុងនោះកម្ពុជាក៏មានសេចក្ដីរីករាយ និងស្វាគមន៍វត្តមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់កម្ពុជាផងដែរ។
សម្ដេចបានចាត់ទុកវត្តមាន លោកប្រធានាធិបតីថា មិនត្រឹមតែជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា និងអាស៊ាន រវាងសហរដ្ឋអាមេរិក និងអាស៊ានប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការផ្តល់តម្លៃ និងជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។ សម្ដេចសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនឥតឈប់ឈរ។
សម្ដេចក៏បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក៏ដូចជា តួនាទីដ៏មានសារៈសំខាន់របស់ឯកឧត្ដមអគ្គរដ្ឋទូត ដែលតែងតែខិតខំជំរុញដល់ការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក បានចូលរួមអបអរសាទរចំពោះកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន។ លោកក៏រំពឹងថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នៅពេលខាងមុខនេះផងដែរ។ លោកក៏យកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរកម្ពុជាគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលដល់សំណើផ្សេងៗក្នុងការសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកមកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ។
លោកក៏ចូលរួមអបអរសាទរ ក៏ដូចជាកោតសរសើរចំពោះយុទ្ធសាស្ត្រ និងវិធានការរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានចាត់ទុកកម្ពុជា ជាមេរៀននៃជោគជ័យមួយក្នុងការការពារ និងប្រឆាំងជំងឺរាតត្បាតនេះ ហើយដែលជោគជ័យនេះ បានផ្ដល់លទ្ធភាពដល់កម្ពុជាអាចបើកដំណើរការឡើងវិញនូវសេដ្ឋកិច្ច និងសង្គម។
នៅក្នុងជំនួបនោះដែរ លោកអគ្គរដ្ឋទូតក៏បានលើកឡើងអំពីការកត់សម្គាល់ទៅលើយុទ្ធនាការក៏ដូចជាលទ្ធផល នៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលកម្ពុជាបានអនុវត្តក្នុងរយៈពេលកន្លងមកនេះ។ លោកកត់សម្គាល់ឃើញថា មួយរយៈនេះ មានបទល្មើសមួយចំនួនបានកើតឡើង ជាពិសេសពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសមួយចំនួនត្រូវចាញ់បោកឧក្រិដ្ឋជននាំមកឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់។
លោកក៏សម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្តេចក្រឡាហោម នៅក្នុងការដោះស្រាយនូវបញ្ហាដ៏មានសារៈសំខាន់នេះ។ លោកក៏បានជម្រាបដែរថា សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការងារនេះ ក្នុងខណៈដែលសហរដ្ឋអាមេរិក ក៏កំពុងតែធ្វើការនេះជាមួយអន្តរក្រសួងផ្សេងទៀតក្នុងរាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងកិច្ចការនារីជាដើម។
ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការបង្ហាញនូវឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ សម្ដេចក៏បានជម្រាបជូនថា នៅក្នុងក្របខ័ណ្ឌនៃឆន្ទៈនយោបាយ គឺរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។ សម្តេចក៏បានជម្រាបជូនដែរថា ដូចដែលអ្វីដែលលោកបានលើកឡើង គឺបច្ចុប្បន្ននេះទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួលដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស។
សម្តេចក៏បានជម្រាបជូន លោកឯកអគ្គរដ្ឋទូតបន្ថែមទៀតថា ស្របពេលគ្នានៃការដំណើរការនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុវត្តនូវកិច្ចការសំខាន់សំខាន់មួយចំនួនទៀតដែលរួមមាន ការប្រយុទ្ធប្រឆាំងល្បែងស៊ីសងខុសច្បាប់ ទាំងអនឡាញ និងមិនអនឡាញ ការធ្វើអធិការកិច្ចហត្ថពលកម្មបរទេស និងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។
ពាក់ព័ន្ធទៅនឹងបទល្មើសទាំងនេះ សម្ដេចបន្តថា អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បាននិងកំពុងតែបន្តអនុវត្តដើម្បីសង្គ្រោះអ្នករងគ្រោះ ទន្ទឹមគ្នានឹងផ្ដន្ទាទោសជនល្មើស និងអ្នកពាក់ព័ន្ធផងដែរ។ សម្ដេចបន្តថា សមត្ថកិច្ចក៏បន្តពង្រីកការស្រាវជ្រាវបទល្មើសទាំងនេះ ដើម្បីរកឱ្យឃើញក្នុងករណីមានការពាក់ព័ន្ធទៅនឹងបទល្មើសសម្អាតប្រាក់។ សម្ដេចក្រឡាហោមក៏បានបញ្ជាក់ជូន លោកអគ្គរដ្ឋទូតផងដែរថា បញ្ហាបទល្មើសជួញដូរមនុស្សនេះ គឺមិនអាចប្រទេសណាមួយអនុវត្តតែម្នាក់ឯងនោះឡើយ តែទាមទារឱ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក ជាពិសេសគឺរវាងកម្លាំងអនុវត្តច្បាប់។
សម្ដេចបញ្ជាក់ថា កន្លងមកក៏មានការផ្សព្វផ្សាយដាក់បន្ទុកមកលើព្រះរាជាណាចក្រកម្ពុជា អំពីបញ្ហានេះ ក៏ប៉ុន្តែជាក់ស្ដែងកិច្ចការងារនេះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ទាំងនៅប្រទេសគោលដៅ រួមទាំងកម្ពុជា និងទាំងនៅប្រទេសដែលមានពលរដ្ឋរបស់ខ្លួនជាជនរងគ្រោះ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតអាមេរិក បានឯកភាពចំពោះការលើកឡើងរបស់សម្ដេចដែលថា បញ្ហាអំពើជួញដូរមនុស្សនេះ គឺជាបញ្ហាសកល ហើយទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាសកលផងដែរ ដើម្បីដោះស្រាយនូវបញ្ហានេះ។
បើក្រៅពីការជជែកពិភាក្សាលើបញ្ហាទាំងនេះ សម្ដេចក្រឡាហោម ស ខេង និងលោក W. Patrick Murphy ក៏បានពិភាក្សាលើបញ្ហាមួយចំនួនទៀត ក្នុងនោះក៏មាន បញ្ហាពាក់ព័ន្ធទៅនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរដែលមានសាលក្រមបណ្ដេញចេញចុងក្រោយពីសហរដ្ឋអាមេរិក ហើយដែលភាគីទាំងពីរបានឯកភាពនឹងបន្តជំរុញកិច្ចសហការនៅលើការងារនេះបន្ថែមទៀត ៕
ដោយ : សហការី