អុីរ៉ង់បានទទួលស្គាល់ថាបានបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅកាន់រុស្ស៊ី។ ប៉ុន្តែអុីរ៉ង់បញ្ជាក់ថា បានបញ្ជូនទៅតាំងពីមុនរុស្ស៊ីវាយប្រហារអ៊ុយក្រែននៅខែកុម្ភៈឆ្នាំ ២០២១។ លោក Hossein Amirabdollahian រដ្ឋមន្ត្រីការបរទេសអុីរ៉ង់បានបញ្ជាក់ថា បណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់អុីរ៉ង់ថាបានបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅជួយរុស្ស៊ីក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ ទាំងនោះមិនមែនជាការណ៍ពិតនោះឡើយ។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានផ្សាយថា ក្នុងពេលនេះដែរប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់ថា អ៉ីរ៉ង់បាននិយាយកុហក បន្ទាប់ពីទីក្រុងតេហេរ៉ង់ទទួលស្គាល់ជាលើកដំបូងថាខ្លួនពិតជាបានលក់យន្ដហោះដ្រូនឱ្យរុស្ស៉ីប្រាកដមែន។
ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ទោះបីជាសារភាពក៏ដោយ ក៏ពួកគេនៅតែនិយាយកុហកដដែល។ ចំនួនយន្ដហោះដ្រូនអ៉ីរ៉ង់ដែលត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន គឺវាមានចំនួនច្រើនជាងយន្ដហោះដ្រូនដែលអ៉ីរ៉ង់បានអះអាង ហើយលើសពីការកុហកនេះ សហគមន៍អន្តរជាតិបានដឹងយ៉ាងច្បាស់ពីកិច្ចសហប្រតិបត្តិការភេរវកម្មរវាងរបបដឹកនាំរុស្ស៉ី និងអ៉ីរ៉ង់»។
គួរបញ្ជាក់ថា អ៉ីរ៉ង់កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះបានទទួលស្គាល់ជាលើកដំបូងថា ខ្លួនពិតជាបានផ្គត់ផ្គង់យន្តហោះដ្រូនឱ្យរុស្ស៉ីមែន ប៉ុន្តែវាបានកើតឡើងតាំងពីមុនសង្រ្គាមផ្ទុះឡើងនៅអ៊ុយក្រែនមកម្ល៉េះ។
រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian បានលើកឡើងថា ដ្រូន «ក្នុងចំនួនតូចមួយ» ត្រូវបានផ្គត់ផ្គង់ឱ្យទៅប្រទេសរុស្ស៉ីនៅប៉ុន្មានខែមុនពេលកងកម្លាំងទីក្រុងមូស្គូ បើកការឈ្លានពានលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ប្រមុខការទូតអ៉ីរ៉ង់បានបន្តថា ការចោទប្រកាន់របស់ក្រុមប្រទេសលោកខាងលិចដែលថាទីក្រុងតេហេរ៉ង់បានផ្តល់មីស៉ីលនិងដ្រូនឱ្យរុស្ស៉ី ដើម្បីជួយសង្រ្គាមនៅអ៊ុយក្រែន គឺត្រូវចំតែពាក់កណ្តាលប៉ុណ្ណោះ ពោលផ្នែកនិយាយអំពីមីស៉ីលគឺខុសទាំងស្រុង។ លោករដ្ឋមន្រ្តីអ៉ីរ៉ង់ ក៏បានប្រកែកផងដែរថា ទីក្រុងតេហេរ៉ង់ មិនបានបន្តផ្គត់ផ្គង់ដ្រូនឱ្យទីក្រុងមូស្គូទៀតឡើយ៕ ដោយ៖ ធីរីណា
រូបថត ៖ AP