ប្រព័ន្ធផ្សព្វផ្សាយនៃប្រទេស Tanzania នៅថ្ងៃទី៦ ខែវិច្ឆិកា បានផ្សាយថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុន Precision Air បានធ្លាក់នៅក្នុងបឹង Victoria ក្នុងទ្វីបអាហ្វ្រិក ពេលចូលជិតដល់អាកាសយានដ្ឋានអន្តរជាតិ Bukoba នៃប្រទេស Tanzaniaហើយនោះ។
ប្រភពព័ត៌មានបានឱ្យដឹងថា តាមរូបភាពយន្តហោះបានលិចចូលបាតបឹងបន្តិចម្តងៗ ហើយសកម្មភាពជួយសង្គ្រោះកំពុងតែធ្វើឡើង។
តាមសារព័ត៌មាន TBC បានឱ្យដឹងថា មកទល់ពេលនេះមានមនុស្ស១៥នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែមិនទាន់អាចកំណត់បានថាមានអ្នកស្លាប់ប៉ុន្មាននាក់នោះឡើយ។
យន្តហោះដែលជួបគ្រោះថ្នាក់បានហោះហើរចេញពីរដ្ឋធានី Dar es Salaam ហើយធ្លាក់នៅបឹង Victoria ដោយសារតែព្យុះនិងភ្លៀងធ្លាក់ខ្លាំង។ ក្រុមហ៊ុនអាកាសចរណ៍ Precision Air គឺជាក្រុមហ៊ុនឯកជនធំបំផុតរបស់ប្រទេសTanzania ៕
ដោយ៖ ធីរីណា(រូបថត ៖ vtc.vn)