ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូវ៉ាជែងមិនមើលឧបសគ្គខាងមុខទៅបុកគោយន្តបើកបញ្ច្រាសទិសគ្នា ស្លាប់ម្នាក់នៅក្រុងបាវិត

ចែករំលែក៖

   ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូដែលបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ទៅបុកជាមួយនឹងគោយន្តកែច្នៃបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ច។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២  លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគឺឡូម៉ែត្រលេខ១៥០-១៥១ ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

    យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ស តារា  អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដា  ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G-៨៨០០ ខូចខាតទាំងស្រុង។

   ចំណែកអ្នកបើកគោយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះក្រោយឃើញសភាពការណ៍មិនស្រួលបានរត់គេចខ្លួនភ្លាមៗបន្សល់តែគោយន្តនៅកន្លែងកើតហេតុប៉ុណ្ណោះ។

    តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកម៉ាកហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G-៨៨០០លើផ្លូវជាតិលេខ១ ដោយធ្វើដំណើរពីកើតទៅលិចហើយបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ក៏បុកជាមួយគោយន្តកែច្នៃ១គ្រឿង ពណ៌ក្រម៉ៅ គ្មានពាក់ស្លាកលេខដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាចំពីមុខយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍ទៅសមត្ថកិច្ចភ្លាមៗមកធ្វើអន្តរាគមន៍។

    បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ចំពោះមធ្យោបាយធ្វើដំណើរទាំង០២ គ្រឿងសមត្ថកិច្ចធ្វើការវាស់វែងនិងអូស យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ដើម្បីដោះស្រាយបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖