ព័ត៌មានទាន់ហេតុការណ៍៖

ចិននិងឥណ្ឌាបង្កើនការនាំចូលប្រេងឆៅដែលអាចប៉ះពាល់ដល់តម្លៃក្នុងរដូវរងា

ចែករំលែក៖

នៅក្នុងខែតុលាកន្លងមក ចិនបានបង្កើនការនាំចូលប្រេងឆៅ ហើយនៅក្នុងខែវិច្ឆិកានិងខែធ្នូឆ្នាំ ២០២២នេះ នឹងបង្កើនការនាំចូលបន្ថែមទៀត ។ សកម្មភាពខាងលើ នឹងធ្វើឱ្យតម្លៃប្រេងនៅលើពិភពលោកអាចកើនឡើងនៅរដូវរងា ខណៈដែលតំបន់អឺរ៉ុបត្រូវការជាចាំបាច់បំផុត។ ភាគច្រើនការនាំចូលប្រេងរបស់ចិនគឺមកពីប្រទេសរុស្ស៊ីក្នុងតម្លៃថោក។
ឥណ្ឌាក៏ដូចគ្នានេះដែរ តាម សារព័ត៌មានស៊ីនហួបានផ្សាយថា ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំបំផុតរបស់ប្រទេសឥណ្ឌាក្នុងខែតុលា ដោយមានចំនួនច្រើនលើសប្រទេសអារ៉ាប៊ីសាអូ៊ឌីត និងអ៊ុីរ៉ាក់ទៅទៀត ដែលជាប្រទេសអ្នកផ្គត់ផ្គង់ប្រេងប្រពៃណី។
ដោយដកស្រង់ទិន្នន័យពីអ្នកតាមដានទំនិញថាមពល Vortexa បានឱ្យដឹងថា ប្រទេសរុស្ស៊ីមានចំនួន២២%នៃការនាំចូលប្រេងឆៅសរុបរបស់ឥណ្ឌាក្នុងខែតុលា ធៀបនឹង២០.៥% សម្រាប់ប្រទេសអុីរ៉ាក់ និង ១៦%សម្រាប់អារ៉ាប៊ីសាអូ៊ឌីត។
របាយការណ៍បាននិយាយថា «ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ប្រេងឆៅចំនួន ៩៣៥,៥៥៦បារ៉ែលក្នុងមួយថ្ងៃ (bpd) ដល់ប្រទេសឥណ្ឌាក្នុងខែតុលា»។
របាយការណ៍បានបន្ថែមថា «ឥណ្ឌាបាននាំចូលប្រេងឆៅត្រឹមតែ ៣៦,២៥៥បារ៉ែលពីរុស្ស៊ីក្នុងខែធ្នូ ឆ្នាំ២០២១ ធៀបនឹង ១.០៥លានបារ៉ែលពីអុីរ៉ាក់ និង ៩៥២,៦២៥បារ៉ែលពីអារ៉ាប៊ីសាអូ៊ឌីត»៕

ដោយ៖ ធីរីណា(រូប​ថត​ :​ congthuong)


ចែករំលែក៖