ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការនគរបាលខេត្តព្រះសីហនុ៖​ កម្លាំងចម្រុះចេញល្បាតចល័ត ឈរជើងគោលដៅតាមផ្លូវសំខាន់ៗ និងសម្រួលចរាចរណ៍ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ

ចែករំលែក៖

ខេត្តព្រះសីហនុ៖​ ដេីម្បី​ការពារ​សុខ​សុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ​ដែលមកលេងកម្សាន្តនៅក្រុងព្រះសីហនុ​ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ! លោកលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យកម្លាំងសមត្ថកិច្ចចម្រុះចេញល្បាតចល័ត ឈរជើងគោលដៅតាមផ្លូវសំខាន់ៗ​ ក្នុងមូលដ្ឋាន។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៧​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

ជាក់ស្ដែង​​កម្លាំង​ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចេញល្បាតចល័ត ឈរជើងគោលដៅតាមផ្លូវសំខាន់ៗ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅក្រុងព្រះសីហនុ។

ចំណែក​នាពេលរាត្រីកម្លាំងអន្តរាគមន៍ពិសេស សហការជាមួយកម្លាំងនាយកដ្ឋានការពារព្រំដែនទឹក ល្បាតក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ 

សូមជម្រាបជូនដែរថា​ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយណែនាំពង្រឹងកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងការប្រកួតម៉ូតូទឹកថ្នាក់ជាតិលើកទី៣ និងដោយមានការចូលរួមពីសំណាក់លោក-លោកស្រីឧត្តមសេនីយ៍ លោកវរសេនីយ៍ស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង៥ផងដែរ ៕

ដោយ៖ស​ តារា


ចែករំលែក៖