ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក ជា ពៅ​ ដឹកនាំវេនប្រចាំការថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីធានាបានការបញ្ជាដឹកនាំកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសរាជរដ្ឋាភិបាលកំណត់ឲ្យឈប់សម្រាករយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានវេនប្រចាំការក្រុមទី១ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំវេនប្រចាំការក្រុមទី១ ដែលត្រូវនឹងថ្ងៃទី០៧ ខែវិចិ្ឆកា ឆ្នាំ២០២២។

វេនប្រចាំការក្រុមទី១នេះមាន លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន, លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន និងលោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន ព្រមទាំងលោកប្រធាន-អនុប្រធាននាយកដ្ឋាន-អង្គភាព ជាច្រើនរូបទៀតដែលជាសមាជិក ។

គួរបញ្ជាក់ថា វេនប្រចាំការក្រុមនីមួយៗ មានភារកិច្ចប្រមូលផ្តុំនូវសភាពការណ៍តាមបណ្តារាជធានី-ខេត្ត សហការផ្តល់-ទទួលព័ត៌មានទាន់ហេតុការណ៍បន្ទាន់នានា ដែលកើតឡើងជាយថាហេតុ ក្នុងថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រមទាំងបូកសរុបរបាយការណ៍ សភាពការណ៍ប្រចាំថ្ងៃជូនថ្នាក់ដឹកនាំដើម្បីជ្រាប និងចង្អុលដឹកនាំ។

សូមជម្រាបថា ទោះបីមិនមានការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលតែងតែរៀបចំឡើងនៅ មុខព្រះបរមរាជរាំង ដូចសព្វមួយដង ក៏កងកម្លាំងននគរបាលនៅទូទាំងប្រទេស បានដាក់ពង្រាយកម្លាំងនៅតាមរមណីយដ្ឋាននានា និងតាមបណ្តាគោលដៅសំខាន់ៗ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ៕

ដោយ​៖សហការី​


ចែករំលែក៖