តំណាងជាន់ខ្ពស់របស់សហគមន៍អឺរ៉ុបទទួលបន្ទុកគោលនយោបាយកិច្ចការបរទេស និងសន្តិសុខ លោក Josep Borrell បានបញ្ជាក់ថា ចិនជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហគមន៍អឺរ៉ុប។ ដូច្នេះអឺរ៉ុប មានបំណងសហការមានលក្ខណៈស្ថាបនាជាមួយទីក្រុងប៉េកាំង ។
ក្នុងពេលនេះដែរ ក្រសួងការបរទេសចិនបានឱ្យដឹងថា សហរដ្ឋអាមេរិក «គ្មានសិទ្ធិ» ជ្រៀតជ្រែកក្នុងកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយប្រទេសអាល្លឺម៉ង់ទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការលើកឡើងរបស់ក្រសួងការបរទេសចិននេះបានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន«បានលើកឡើងយ៉ាងខ្លាំង»ថា ទីក្រុងប៉េកាំងនឹងមិនទទួលបានភាគហ៊ុនមានសិទ្ធិគ្រប់គ្រងក្នុងកិច្ចព្រមព្រៀងដែលមានការប្រកួតប្រជែងដេញថ្លៃមួយទាក់ទងនឹងស្ថានីយកំពង់ផែ Hamburgនោះឡើយ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ខណៈដែលលោកថែ្លងនៅក្នុងសន្និសីទសង្ខេបប្រចាំថ្ងៃមួយនៅទីក្រុងប៉េកាំងថា ការជ្រៀតជ្រែករបស់អាមេរិកគឺជានិមិត្តសញ្ញានៃការអនុវត្តការទូតដោយបង្ខំរបស់ប្រទេសមហាអំណាចមួយនេះ។
លោក Zhao បានថ្លែងពីថ្ងៃព្រហស្បតិ៍ពោលគឺមួយថ្ងៃមុនអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ទៅដល់ទីក្រុងប៉េកាំងថា៖ «កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននឹងអាល្លឺម៉ង់ គឺជាបញ្ហាសម្រាប់ប្រទេសអធិបតេយ្យភាពទាំងពីរ សហរដ្ឋអាមេរិកមិនគួរវាយប្រហារខ្លួនដោយគ្មានហេតុផល និងគ្មានសិទ្ធិលូកលាន់ និងជ្រៀតជ្រែកឡើយ»។
ប្រទេសអាល្លឺម៉ង់អាចអនុញ្ញាតឱ្យក្រុមហ៊ុន Cosco របស់ចិនកាន់កាប់ភាគហ៊ុនតូចជាងការគ្រោងទុកដំបូងនៅក្នុងស្ថានីយកំពង់ផែ Hamburg នេះនៅក្នុងអ្វីដែលប្រភពមួយមកពីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់កាលពីសប្តាហ៍មុនបានពិពណ៌នាថាជា «ដំណោះស្រាយសង្គ្រោះបន្ទាន់» ដើម្បីអនុម័តកិច្ចព្រមព្រៀង ប៉ុន្តែកាត់បន្ថយផលប៉ះពាល់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN