ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យមួយក្រុមវាយប្លន់យកកាបូបលុយពីយុវជន៣នាក់បានសម្រេច មិនរំខានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាមកពីដេីរលេងត្រូវជនសង្ស័យមួយក្រុមមកធ្វើសកម្មភាពធ្លាក់ផ្ដួល រួចចុះមកវាយទៅលើយុវជនម្នាក់ទៀតត្រូវ ៥ ខ្សែក្រវ៉ាត់ ប្លន់យកកាបូបលុយបានសម្រេច ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបង្កកាលភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១ និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខក្រុមហ៊ុន ម៉ាស្តា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុពួកគាត់មានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា អាយ ខុន ពណ៌ទឹកសមុទ្រលាយសពាក់ស្លាកលេខតាកែវ1I-9345បានចេញពីដើរលេងនៅម្ដុំមុខវាំងមាត់ទន្លេ ដោយគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញនៅម្ដុំបុរីឈូកវ៉ា២  ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចគល់ស្ពានអាកាសផ្សារដីហុយ ក៏ឃើញជនសង្ស័យមួយក្រុមមានគ្នា៧ ទៅ៨ នាក់ជិះម៉ូតូចំនួន៤គ្រឿង មកពីក្រោយ ខណៈនោះជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកធ្លាក់ម៉ូតូរបស់គាត់ តែមិនដួល លុះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានធ្លាក់ម្ដងទៀតបណ្តាលឲ្យម៉ូតូពួកគាត់ដួលទៅបុកឃឿនសួនក្រុមហ៊ុនលក់រថយន្ត បណ្តាលឱ្យពួកគាត់ម្នាក់បោកទៅឃឿនរងរបួសក្បាល ភ្លាមនោះជនសង្ស័យក៏បាននាំគ្នាចុះពីលើម៉ូតូដកខ្សែក្រវ៉ាត់ វាយទៅលើពួកគាត់ម្នាក់ទៀតត្រូវចំនួន ៥ខ្សែក្រវ៉ាត់ រួចប្លន់យកកាបូបលុយបានសម្រេច  ធ្វើឲ្យពួកគាត់ភ័យស្លន់ស្លោ រត់ទៅឲ្យសន្តិសុខដែលយាមនៅក្រុមហ៊ុនលក់រថយន្តជួយផង។ចំណែកជនសង្ស័យក្រោយពីបានប្លន់យកកាបូបលុយរួចឃើញសភាពមិនស្រួលក៏នាំគ្នាជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ជនរងគ្រោះបានបន្តទៀតថានៅក្នុងកាបូបលុយមានលុយខ្មែរចំនួន ៦ ម៉ឺនរៀល កាតមួយសន្លឹក និងបង្កាន់ដៃទិញចិញ្ចៀនមួយសន្លឹក។

ក្រោយកើតហេតុក៏មានកម្លាំងអាវុធហត្ថខណ្ឌសែនសុខបានចុះមកដល់បានធ្វើការសួរនាំទៅលើជនរងគ្រោះក្នុងករណីខាងលើនេះ ដោយករណីនេះនៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យទើបសមត្ថកិច្ចឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក ជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖