ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ជិះម៉ូតូដើលេងរួចត្រឡប់មកផ្ទះត្រូវក្រុមជនសង្ស័យជិះម៉ូតូដេញកាប់ផ្អើលទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យុវជន២នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូដើរលេងនៅក្រុងស្វាយរៀងត្រឡប់មកផ្ទះវិញដល់ពាក់កណ្ដាលផ្លូវត្រូវក្រុមជនសង្ស័យជិះម៉ូតូ៣គ្រឿងដេញកាប់ផ្អើលអ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចខាងលិចស្ពាន ប្រសូត្រស្ថិតក្នុង ភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាយុវជនរងគ្រោះមានឈ្មោះរ៉ាន ម៉ាណាត់  អាយុ១៤ឆ្នាំមុខរបរនៅផ្ទះ រស់នៅភូមិអូក្អាម ឃុំសំបួរ ស្រុកស្វាយទាប ដោយរងរបួសរលាត់ស្បែកមុខចុងកន្ទុយភ្នែកខាងស្តាំ២កន្លែង របួសកែងដៃនិងរបួសកែងជើងខាងស្តាំនិងឈ្មោះ សយ ដាណាន  អាយុ១៧ឆ្នាំមុខរបរសិស្សរស់នៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង រងរបួសខ្នងដៃខាងឆ្វេងនិងវាយម៉ូតូបណ្តាលឱ្យខូចខាតព្រមទាំងកាច់យកស្លាកលេខម៉ូតូទៅបាត់។

តាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុខ្លួនបានជិះ ម៉ូតូមួយគ្រឿង ម៉ាកហុងដាC១២៥ ឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១L០២៣៤មកដើរលេងគ្នា២នាក់នៅក្រុងស្វាយរៀង លុះដល់ម៉ោង៩យប់ក៏ជិះម៉ូតូត្រឡប់មកផ្ទះវិញខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូប្រមាណ៣គ្រឿងមានគ្នាប្រហែល៤ទៅ៥នាក់មកដល់ក្បែរក៏បានធ្វើសកម្មភាពកាប់មកលើខ្លួននិងអ្នករួមដំណើរជាមួយបណ្ដាលឱ្យរងរបួសហើយជនសង្ស័យទាំងនោះបាន វាយម៉ូតូព្រមទាំងកាច់យកស្លាកលេខម៉ូតូជិះគេចខ្លួនចេញទៅបាត់ ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប ។

ចំណែកក្រុមជនសង្ស័យក្រោយពីធ្វើសកម្មភាព បទល្មើសរួចបានជិះម៉ូតូគេចខ្លួនខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាចាប់ខ្លួនមកចាត់ការតាមច្បាប់ឱ្យខានតែបាន ៕

ដោយ៖ សុថាន


ចែករំលែក៖