ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា ចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ ខួបទី ៦៩ , ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅឱកាសខួបលើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២២ នៃ ព្រះរាជាណាចក្រកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរជាឱឡារិកទិវាបុណ្យដ៏ អធិកអធមនេះ ក្នុងគោលបំណងរំលឹកឡើងវិញ និងបន្តលើកស្ទួយវីរភាពដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមនៃព្រះរាជបូជនីយកិច្ច របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ ” ដែលទ្រង់បានតស៊ូ រំដោះកម្ពុជាឲ្យទទួលបានឯករាជ្យពេញលេញពីអាណានិគមនិយមបារាំងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ព្រមពេលជាមួយគ្នានេះផងដែរ ទន្ទឹមនឹងខួបលើកទី៦៩ នៃថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ចំពោះវីរភាព ពលិកម្ម ការតស៊ូលះបង់គ្រប់បែបយ៉ាង របស់កងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលស្ថិតនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស ក្នុងកិច្ចការពារបូរណភាពដែនដី និងអធិបតេយ្យជាតិនៅគ្រប់កាលៈទេសៈ ដែលយុវជនជំនាន់ក្រោយតែងត ចងចាំជានិច្ចមិនអាចបំភ្លេចបាន។

ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាបុណ្យឯករាជ្យជាតិ គឺជាការរំលឹកពីសិទ្ធិស្វ័យសម្រេចលើ ជោគវាសនារបស់ជាតិដោយខ្មែរខ្លួនឯង ទាំងការងារសេដ្ឋកិច្ច សង្គម នយោបាយទាំងក្នុង និងក្រៅប្រទេស ដែលថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា មាន មោទនភាពក្រៃលែងចំពោះអ្វីដែលកម្ពុជាសម្រេចបានដោយខ្លួនឯង ក្នុងរយៈពេលប្រមាណ ៤០ ឆ្នាំចុងក្រោយ ជាពិសេស រយៈពេល ២០ឆ្នាំជាង បន្ទាប់ពីការសម្រេចបានដោយជោគជ័យនូវការអនុវត្តនយោបាយឈ្នះ-ឈ្នះ ទោះកម្ពុជាធ្លាប់ទទួលរងនូវសង្គ្រាមដ៏រ៉ាំរ៉ៃ របបប្រល័យពូជសាសន៍ដ៏ឃោរឃៅ ការហ៊ុមព័ទ្ធសេដ្ឋកិច្ច នយោបាយពីបរទេសក៏ដោយ។

ក្នុងស្មារតីនេះ សហភាពសហព័ន្ធយុវជនកម្ពុជា សូម “អរគុណដល់សន្តិភាព» និងគោរពកោតសរសើរ យ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការដឹកនាំប្រកបដោយការទទួលខុសត្រូវ ការលះបង់ និង កិច្ចខិតខំប្រឹងប្រែងដើម្បីតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ ជាពិសេសក្នុងការការពារបូរណភាពទឹកដី ការពង្រីកវប្បធម៌សន្តិភាព ការផ្សះផ្សា បង្រួបបង្រួមជាតិ ការលើកស្ទួយលទ្ធិប្រជាធិបតយ្យ សិទ្ធិសេរីភាព នីតិរដ្ឋ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការការពារសន្តិសុខ សុវត្ថិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ព្រមទាំង ការកែលម្អអភិបាលកិច្ចដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច សមធម៌សង្គម និងការអភិវឌ្ឍជាតិនៅគ្រប់វិស័យ។

ជាថ្មីម្ដងទៀត និងក្នុងស្មារតីដូចបញ្ជាក់ជូនខាងលើ ថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធ យុវជនកម្ពុជាទូទាំងប្រទេស សូមបន្តដង្ហែតាមព្រះរាជតម្រិះដ៏ឧត្តុង្គឧត្តមនៃ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជាជាតិកម្ពុជា ដែលព្រះអង្គទ្រង់បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យរួបរួម សាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់ វិស័យ ផ្អែកលើមូលដ្ឋានសាមគ្គីភាព ក្នុងស្ថានភាពដែលសង្គមជាតិទាំងមូលទទួលផលពីសន្តិភាព និងស្ថិរភាព នយោបាយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន ៕

ដោយ : សិលា


ចែករំលែក៖