ភ្នំពេញ ៖ អ្នកកាន់កាប់អាវុធមិនគួរឲ្យប្រជាជនខ្លាចនោះទេ ខណៈយើងជាអ្នកអនុវត្តច្បាប់ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ បើបាញ់បោះសេរី គឺខ្នោះហើយ កុំមានវប្បធម៌ អាងអញ មានលុយ អញមានកាំភ្លើង អញស្គាល់ អ្នកនេះអ្នកនោះ ចុងក្រោយ គឺ(អុញ)ទេ ។
សូមបញ្ជាក់ថា, សមត្ថកិច្ចឃាត់ខ្លួនបានហើយ បុរសជិះឡាន ដ៏ទំនើងទាញកាំភ្លើងបាញ់មេឃ ផ្អើលប្រជាពលរដ្ឋនៅសង្កាត់ ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ករណីបាញ់នេះបានបង្កឱ្យ បុរសម្នាក់រងរបួសផ្នែកជើងម្នាក់ភ័យព្រលឹងចុងសក់ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ ចេញពីផឹកសុីនៅផ្ទះក្បែរនោះ ស្រវឹងស្រាបើករថយន្តកៀរប្រជាពលរដ្ឋ។ លុះដល់ពលរដ្ឋអ្នកភូមិឃាត់រថយន្តសាកសួរ ស្រាប់តែដកអាវុធខ្លី បាញ់ផ្ជុចដីប្រឡោះជើង ចំនួន២គ្រាប់ ហើយបើករថយន្តគេចទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២២នៅតាមផ្លូវលំ ស្របផ្លូវរថភ្លើង ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់យប់ថ្ងៃដដែល សមត្ថកិច្ចនគរបាលតាមឃាត់ជនសង្ស័យនិងបក្ខពួកម្នាក់ទៀតបាន ។ ក្រោយឃាត់ខ្លួន អ្នកក្លាហាន មុខស្រពាប់ស្រពោន ស្ទើរដេកសុបិន្តឃើញខ្មោចលោះព្រលឹង ។
បើតាមប្រភពបានឲ្យដឹងថា កន្លងមកគេធ្លាប់ឃើញ ជនបង្កឈ្មោះ ទាក់ ឌី ចេញចូល ផឹកសុីនៅផ្ទះមួយកន្លែង ក្បែរនោះ ហើយពេលដែលស្រវឹងម្តងៗ តែងតែកាន់កាំភ្លើង ច្រងែងច្រងាងស្រែកឡូឡា គំរាមពលរដ្ឋក្នុងភូមិ ធ្វើឲ្យពលរដ្ឋភ័យខ្លាច ។ បើតាមប្រភពផ្សេងមួយទៀត បានឲ្យដឹងថា កន្លងមក ជនបង្កធ្លាប់ផ្ទុះអាវុធ នៅខេត្តកំពង់ឆ្នាំង បណ្តាលឲ្យស្ត្រីម្នាក់ឈ្មោះ ធី លីហ្សា អាយុ១៨ឆ្នាំ ជាសង្សារ ស្លាប់ក្នុងរថយន្ត កាលពីវេលាទៀបភ្លឺថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ហើយបើករថយន្តចូលទៅសារភាពនៅអាវុធហត្ថស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ សមត្ថកិច្ចចាប់ខ្លួនមិនបានប៉ុន្មានផង ឃើញនៅក្រៅឃុំ ដើរផឹកសុីអុកឡុក បង្កបញ្ហាតាមភូមិដដែល ។
ក្រោយកើតហេតុ អ្នកភូមិផ្អើលឆោឡោ កម្លាំងសមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ ចុះទៅដល់ទីតាំងកើតហេតុ ហើយកម្លាំងអាវុធហត្ថហៅម្ចាស់ផ្ទះម្នាក់ដែលជនសង្ស័យផឹកសុីជាមួយនោះទៅសាកសួរនៅការិយាល័យជំនាញ និងបន្តស្រាវជ្រាវ ស្វែងរកជនបង្ក ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីហៅអ្នកផឹកសុីនៅផ្ទះជាមួយរួចមក រហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែល កម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវទៅតាមចាប់ខ្លួនជនបង្កឈ្មោះ ទាក់ ឌី ដល់ផ្ទះ ដកហូតវត្ថុតាង អាវុធខ្លី រថយន្តម៉ាកJeep នៅបុរីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រួមទាំងឃាត់បក្ខពួកម្នាក់ទៀត ឈ្មោះ កើតសម្ភស្ស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីយោធា អគ្គបញ្ជូនសារ មានទីលំនៅ កន្លែងកើតហេតុ រួចនាំទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ។
ប្រជាពលរដ្ឋ បាននិយាយដោយចំអកថា, ( កុំខ្លាំងអានួន ជាប់ខ្នោះអានាង) ខណៈកម្ពុជា ជាប្រទេសគ្រប់គ្រងដោយច្បាប់ ៕
ដោយ : សិលា