ព័ត៌មានទាន់ហេតុការណ៍៖

មហាអំណាចអាមេរិកថា, នឹងឈរជាមួយពលរដ្ឋកម្ពុជាក្នុង ដំណើរប្រជាធិបតេយ្យ និងឯករាជ្យ ខណៈកម្ពុជាជាប្រទេសគ្រប់គ្រងដោយច្បាប់ !

ចែករំលែក៖

ភ្នំពេញ ៖ លោក Antony J. Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានជូនពរដល់ប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ ក្នុងឱកាសនេះផងដែរលោកលើកឡើងថាអាមេរិកនឹងឈរជាមួយពលរដ្ឋកម្ពុជាក្នុងដំណើរប្រជាធិបតេយ្យ និងឯករាជ្យ។

ក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី៨ ខែវិច្ឆិកា លោក Antony J. Blinken បានលើកឡើងថា៖ «ក្នុងនាមសហរដ្ឋអាមេរិក ខ្ញុំសូមគោរពជូនពរដល់ប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា។ សហរដ្ឋអាមេរិកសរសើរកម្ពុជាចំពោះការដឹកនាំអាស៊ានក្នុងអំឡុងឆ្នាំដ៏លំបាកមួយ។ យើងផ្តល់តម្លៃដល់កិច្ចសហប្រតិបត្តិការរបស់យើងជាមួយកម្ពុជាក្នុងការរួមគ្នាដោះស្រាយបញ្ហាកង្វល់ក្នុងតំបន់ និងពិភពលោក រួមទាំងវិបត្តិនៅក្នុងប្រទេសភូមា និងអ៊ុយក្រែនផងដែរ។ យើង នឹង បន្ត ឈរ ជាមួយ ប្រជាជន កម្ពុជា នៅពេល ពួកគេ បន្ត អនាគត កាន់តែ រីកចម្រើន ប្រជាធិបតេយ្យ និង ឯករាជ្យ»។

លោកបានអបអរសាទរដល់ប្រជាជនកម្ពុជាទាំងអស់ក្នុងថ្ងៃបុណ្យជាតិនេះ។

ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៦៩ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៩ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ចាប់តាំងពីកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ រហូតដល់បច្ចុប្បន្ននេះ កម្ពុជាតែងតែងប្រារព្ធពិធីអបអរសាទរចំពោះជ័យជម្នះមួយនេះជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏បានចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិផងដែរ តាមរយៈការប្តូរផ្ទាំងរូបភាពលើ Homepage ដោយបង្ហាញរូបទង់ជាតិកម្ពុជា និងអមដោយរូបវិមានឯករាជ្យផងដែរ។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះគឺធ្វើឡើងដើម្បីរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។ 

សូមបញ្ជាក់ថា, អ្នកសារព័ត៌មានគួរត្រៀមខ្លួនបែបណាដើម្បីយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ានដែលជាប្រយោជន៍សម្រាប់ពលរដ្ឋកម្ពុជា។ ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំមកពី៣៤ប្រទេសនិងស្ថាប័នអន្តរជាតិធំៗ តើកម្ពុជាបានផលចំណេញអ្វី? មានអ្វីថ្មី? តើកម្ពុជាដើរតួរនាទីយ៉ាងណាចំពោះថ្មក្តៅ៥ដុំដែលបានដាក់លើតុកម្ពុជា៖ ភូមា ម៊ីស៊ីលកូរ៉េខាងជើង ជម្លោះនៅសមុទ្រចិនខាងត្បូង ជម្លោះតៃវ៉ាន់ជាមួយចិន និងសង្រ្គាមនៅអ៊ុយក្រែនជាមួយរុស្ស៊ី? មេដឹកនាំមកពីមហាអំណាចណាខ្លះមកកម្ពុជា? ប្រធានាធិបតីអាម៉េរិក នាយករដ្ឋមន្រ្តីចិន និងនាយកដ្ឋមន្រ្តីជប៉ុន ។ល។ និងពិភាក្សារឿងអ្វីជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសន្យាអ្វីសម្រាប់កម្ពុជា? មានរឿងរ៉ាវច្រើនជាងនេះទៀតដែលអ្នកសារព័ត៌មានជាន់ខ្ពស់កម្ពុជាជិត១០០រូបបានចូលរួមនិងចោទជាសំណួរនៅវេទិការដែលរៀបចំឡើងដោយក្លឹបអ្នកាសែតកម្ពុជានៅថ្ងៃសុក្រនេះ។ អ្នកសារព័ត៌មានជិត២ពាន់នាក់មកពី៣១ប្រទេសបានចុះឈ្មោះមកយកព័ត៌មានពេលកិច្ចប្រជុំសប្តាហ៍ក្រោយនៅកម្ពុជា៕

ដោយ : សិលា


ចែករំលែក៖