ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានអង្គភាពអន្តរាគមន៍ ប្រមូលកម្លាំងប្រជុំជួរផ្សព្វផ្សាយផែនការ ការពារ និងប្រចាំការត្រៀមអន្តរាគមន៍ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖​ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅរសៀលថ្ងៃ​ពុធ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះថា៖ អនុវត្តតាមប្រសាសន៍ដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សន្តិបបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក អ៉ឹង ដារ៉េត ប្រធានអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងប្រចាំការត្រៀមអន្តរាគមន៍សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ឯក អ៉ឹង ដារ៉េត បានលើកឡើងថា អង្គភាពអន្តរាគមន៍ បានត្រៀមកម្លាំង និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ។ ឯកឧត្តម ក៏បានណែនាំកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ និងត្រូវប្រមូលផ្តុំ ១០០% ដើម្បីអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំ ឱ្យបានម៉ឺងម៉ាត់បំផុតធានាឱ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ជាពិសេសកងកម្លាំងទាំងអស់ត្រូវ គោរពបទបញ្ជា វិន័យ និងស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនៅះ​ លោកឧត្តមសេនីយ៍ឯក អ៉ឹង ដារ៉េត ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងអង្គភាពអន្តរាគមន៍ ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖