ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបាញ់មីស៊ីលដ៏អាថ៌កំបាំងចំពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក

ចែករំលែក៖

យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីចូលទៅក្នុងសមុទ្រខាងកើតកាលពីរសៀលថ្ងៃ៩ខែវិច្ឆិកា មួយថ្ងៃបន្ទាប់ពីទីក្រុងសេអ៊ូលបានរកឃើញបំណែកដែលគេជឿថាជាមីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់មុននេះ។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា បានឃើញការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីពីតំបន់ Sukchon ក្នុងខេត្ត Pyongan ភាគខាងត្បូងប្រទេសកូរ៉េខាងជើង នៅម៉ោងប្រហែល៣ និង ៣១ នាទីរសៀល ថ្ងៃទី ៩ ខែវិច្ឆិកា។
ទន្ទឹមនឹងនេះ ឆ្មាំឆ្នេរសមុទ្រជប៉ុនបាននិយាយថា កាំជ្រួចផ្លោងហាក់ដូចជាបានធ្លាក់ចូលទៅក្នុងសមុទ្រប៉ុន្មាននាទីបន្ទាប់ពីការបាញ់បង្ហោះ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានបន្ថែមថា កាំជ្រួចបានហោះដល់រយៈកម្ពស់ ៥០គីឡូម៉ែត្រ និងរយៈចម្ងាយ ២៥០គីឡូម៉ែត្រ។
សកម្មភាពរបស់កូរ៉េខាងជើងកើតឡើងភ្លាមៗបន្ទាប់ពីយោធាកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធ Taegeuk រយៈពេលបួនថ្ងៃ។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់ចំពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកកំពុងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ដើម្បីឈ្នះការគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក និងព្រឹទ្ធសភាអាមេរិក រវាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក ដែលចាប់ផ្តើមពីថ្ងៃទី ៨ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថា ជាការបោះឆ្នោតសម្រេចមួយ ដើម្បីរក្សាតុល្យភាពអំណាចនៅក្នុងនយោបាយអាមេរិកយ៉ាងហោចណាស់ ២ ឆ្នាំខាងមុខ ហើយអាចប៉ះពាល់ដល់ការបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតីនៅសេតវិមាននៅឆ្នាំ ២០២៤៕ ដោយ៖ ធីរីណា

រូបថត៖ cand.com.vn


ចែករំលែក៖