ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៦៩នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២ ដែលពិធីដ៏សំខាន់មួយនេះបានប្រារព្ធធ្វើឡើងនៅមុខអគារសាលាខេត្តចាស់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ក្នុងខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងក្រុមយុវជនមកពីវិទ្យាល័យ សាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង ។
លោក សុខ លូ បានថ្លែងសុន្ទរកថាដោយបានបញ្ជាក់ថា ជារៀងរាល់ឆ្នាំទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩ វិច្ឆិកា ត្រូវបានរដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធអតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ ពិសេសរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដីនិងឯករាជ្យជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទាឯករាជ្យភាពពេញលេញពីប្រទេសបារាំង ឆ្នាំ១៩៥៣ នូវឯករាជ្យពិតប្រាកដ ។
លោក បានបន្តទៀតថា ជាមួយគ្នានេះការរម្លឹកខួបអនុស្សាវរីយ៍ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់គំរូវីរភាពយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធតស៊ូក្នុងការធ្វើមហាពលិកម្ម អាយុជីវិតយ៉ាងអង់អាចក្លាហានបំផុត ក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ដើម្បីការថែរក្សា សន្តិភាពបូរណភាពទឹកដី ឯកភាពជាតិ អធិបតេយ្យ សេរីភាព និងវិបុលភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ។
លោក បានថ្លែងបញ្ជាក់ទៀតថា ដោយអនុវត្តតាមស្មារតីបង្រួបបង្រួមជាតិ និងបុព្វហេតុដ៏ឧត្តុង្គឧត្តម ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ប្រកបដោយចីរភាពនោះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់បំផុតការពារជានិច្ចនូវស្នាព្រះហស្ថ ដែលអតីតព្រះមហាវីរៈក្សត្របានន្សល់ទុកមក និងបន្តការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនរុងរឿងបន្ថែមទៀត ដើម្បីបង្កឲ្យមានបរិយាកាសសប្បាយរីករាយក្នុងសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម បានស្ថិតស្ថេរគង់វង្ស ជានិរន្តន៍តរៀងទៅ ៕
ដោយ : សហការី