ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូសភាប្រទេសជាសមាជិកអាយប៉ា បានអញ្ជើញមកចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងប្រមុខដឹកនាំកំពូលអាស៊ាន និងអាយប៉ា នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ គណៈប្រតិភូសភានៃបណ្ដាប្រទេសជាសមាជិកអាយប៉ា បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្ដបន្ទាប់ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីត្រៀមចូលរួមក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ នៃមហាសន្និបាតអន្តរសភាអាស៊ាន និងប្រមុខកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា រួមជាមួយប្រទេសជាសមាជិកអាយប៉ា នឹងប្រជុំដេីម្បីនាំយកនូវធាតុចូល ដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។ 

 នៅរសៀលថ្ងៃដដែល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41st ASEAN Summit) ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី នៅសណ្ឋាគារសុខាភ្នំពេញ។

ជាការគួរឱ្យកត់សម្គាល់ កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅរាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ានគឺ សនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងការពន្លឿន និងជម្រុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាន នាពេលអនាគត ៕

ដោយ ៖ សិលា


ចែករំលែក៖