ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំ១គ្រឿងដឹកស្រាបៀរ GANZBERG មានករណីគ្រោះថ្នាក់ចរាចរណ៍ បុកគ្នាជាមួយម៉ូតូ បណ្ដាលឱ្យមនុស្ស២នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ បាត់បង់ជីវិត ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មិនត្រឹមតែបន្សល់ទុកនូវសាកសពនៅកន្លែងកើតហេតុនោះទេ គឺមានស្រាបៀរ GANZBERG បានខ្ទាតរប៉ាត់រប៉ាយ ពេញលើដងផ្លូវទៀតផង។ 

សូមបញ្ជាក់ថា, ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ។

សាក្សីកន្លែងកើតហេតុបានឱ្យដឹងថា, នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំ១គ្រឿង បានដឹកស្រាបៀរ GANZBERG ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៥ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយ នឹងម៉ូតូឌ្រីមសង់១គ្រឿងជិះគ្នាពីរនាក់ស្រីប្រុស បណ្តាលឲ្យស្លាប់ទាំងពីរនាក់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ គួរឲ្យអាណោចអាធ័មជាទីបំផុត ។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត រត់គេចខ្លួន ដោយឡែកសាកសពសមត្ថកិច្ចប្រគល់ឱ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ចំពោះរថយន្តនិងម៉ូតូ យកទៅរក្សាទុកបណ្តោះអាសន្ន ដើម្បីដោះស្រាយតាមក្រោយ ៕

ដោយ ៖ សហការី


ចែករំលែក៖