ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមធំៗ៣នៅអង់គ្លេសធ្លាក់ចេញពីការប្រជែងពានរង្វាន់ League Cup ត្រឹមជុំទី៣

ចែករំលែក៖

ក្រុមខ្លាំងៗនៅអង់គ្លេសចំនួន៣បានធ្លាក់ចេញពីការប្រជែងយកពានរង្វាន់អង់គ្លេស League Cup ត្រឹមជុំទី៣។ ក្រុមទាំងនោះមាន កាំភ្លើងធំ Arsenal, ក្រុមតោខៀវ Chelsea និងក្រុមមាន់ខ្នាយមាស Tottenhamក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី៩ឈានចូលថ្ងៃទី១០ ខែវិច្ឆិកានេះ។

ក្រុមតោខៀវ Chelsea បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City ក្នុងលទ្ធផល២ទល់០។ ២គ្រាប់ជ័យជម្នះសម្រាប់ក្រុម Man City រកបានដោយកីឡាករ Riyad Mahrez និង Julian Alvarez បានផ្តួលគូប្រជែង Chelsea ក្នុងក្របខ័ណ្ឌ Premier League ជាមួយគ្នាដើម្បីឈានដល់ជុំទី៤

នេះគឺជាជ័យជម្នះរបស់ Manchester City ដែលជាក្រុមធ្លាប់គ្រងជើងឯក៨សម័យកាលបានរក្សាកំណត់ត្រាមិនដែលចាញ់ក្នុងជុំទីក្រោមការដឹកនាំរបស់លោក Pep Guardiola ទន្ទឹមនឹងនេះដែរលទ្ធផលសម្រាប់ Chelsea មានន័យថា ពួកគេបានឈ្នះតែប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតលើកចុងក្រោយរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ ហើយវាមិនងាយស្រួលសម្រាប់ក្រុមរបស់លោក Graham Potter ខណៈដែលពួកគេធ្វើដំណើរទៅជួបក្រុមចំណាត់ថ្នាក់លេខNewcastle

ចំណែកក្រុមកំពូលតារាង Premier League កាំភ្លើងធំ Arsenal ត្រូវបានធ្លាក់ចេញពីពានរង្វាន់ League Cup ដោយបានបរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវ Brighton ក្នុងលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើល៣ទល់១

កីឡាករ Eddie Nketiah បានជួយឱ្យក្រុម Arsenal នាំមុខមុននៅនាទីទី២០ ពីការបញ្ជូនបាល់របស់ Reiss Nelson ប៉ុន្តែ Danny Welbeck ដែលធ្លាប់លេងឱ្យក្រុមកាំភ្លើងធំបានតាមស្មើវិញជាមួយនឹងការពិន័យប៉េណាល់ទីនៅនាទីទី២៧

បន្ទាប់មកកីឡាករ Kaoru Mitoma បានជួយឲ្យក្រុម Brighton នាំមុខវិញនៅតង់ទី២នាទីទី៥៨ ហើយកីឡាករ Tariq Lamptey បានបន្ថែមគ្រាប់ទៀតដែលជាគ្រាប់ទី៣ជួយឲ្យក្រុមភ្ញៀវ Brighton យកឈ្នះក្រុមម្ចាស់ផ្ទះមិនគួរឲ្យជឿក្នុងលទ្ធផល៣ទល់១។

ការចាញ់ក្នុងការប្រកួតជុំទី៣ គឺជាលើកទីហើយក្នុងចំណោម២០ប្រកួតក្នុងការប្រកួតទាំងអស់ដែល Arsenal ត្រូវបានផ្តួលក្នុងរដូវកាលនេះ។

ដោយឡែកក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានទម្លាក់ចេញពីពានរង្វាន់ខាងលើនេះម្តងទៀត ក្រោមថ្វីជើងក្រុមឈរនៅបាតតារាង Nottingham Forest ក្រុម Nottingham Forest ជា​ក្រុម​ល្អ​ជាង ហើយ​បាន​នាំ​មុខ​នៅ​នាទី៥០ តាម​រយៈ​ការ​ស៊ុត​បាល់​យ៉ាង​ល្អ​ពី Renan Lodi

នៅតង់ទី២ដដែលនោះដែរកីឡាករ Jesse Lingard បានធ្វើរឿងដ៏គួរឱ្យចាប់អារម្មណ៍ដោយវាយបកយ៉ាងរហ័សដើម្បីនាំមុខ១គ្រាប់ទៀតនៅនាទីទី៥៧

បរាជ័យរបស់ក្រុមធំៗទាំង៣ខាងលើនេះ គឺបានខកខានឱកាសក្នុងការប្រជែងពានរង្វាន់១ក្នុងចំណោមពានរង្វាន់៣នៅរដូវកាលនេះ ដោយមានក្រុមខ្លាំង២ដែលលេចធ្លោគឺ Manchester City និង Liverpool បានឆ្លងផុតទៅកាន់ជុំទី៤បន្តទៀត។ ចំណែកមួយគូទៀតគឺក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវ Aston Villa នៅរាត្រីនេះ ដើម្បីស្វែងរក១ក្រុមឡើងទៅកាន់ជុំទី៤បន្តទៀត ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport/Reuters)


ចែករំលែក៖