ព័ត៌មានទាន់ហេតុការណ៍៖

អនុប្រធានទី១ អញ្ជើញដឹកនាំគណៈប្រតិភូសភាប្រទេសជាសមាជិកអាយប៉ា រៀបចំសារ ដែលនឹងត្រូវថ្លែងដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីគណៈប្រតិភូសភានៃបណ្ដាប្រទេសជាសមាជិកអាយប៉ាចំនួន៧ប្រទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ជាបន្ដបន្ទាប់រួចមក  នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩:០០នាទី នៅសណ្ឋាគារកាំឌីយ៉ាណា លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានដឹកនាំកិច្ចប្រជុំរៀបចំសារ សម្រាប់កិច្ចប្រជុំទល់មុខរវាងប្រមុខអាស៊ាន អាយប៉ា  ជាមួយគណៈប្រតិភូប្រទេសជាសមាជិកអាយប៉ា ដើម្បីនាំយកនូវធាតុចូល ដែលជាទស្សនៈរួមក្នុងនាមប្រទេសជាសមាជិកអាយប៉ា សម្រាប់ដាក់បញ្ចូលទៅក្នុងសារ ដែលនឹងត្រូវថ្លែងដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣ នៅចំពោះមុខថ្នាក់ដឹកនាំអាស៊ាន។ 

 កិច្ចប្រជុំដើម្បីរៀបចំសាររបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានប្តូរវេនអន្តរសភាអាស៊ាន(អាយប៉ា) លើកទី៤៣  ដែលនឹងត្រូវថ្លែងទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា នាព្រឹកនេះ គឺបានប្រព្រឹត្តទៅដោយរលូន  និងជោគជ័យ។ 

  មុននឹងបញ្ចប់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានដឹកនាំកិច្ចប្រជុំរៀបចំសារ បានស្នើចំពោះកិច្ចប្រជុំ ដើម្បីចាត់តាំងឯកឧត្ដមប្រធានរដ្ឋសភាថៃ និងឯកឧត្ដមប្រធានរដ្ឋសភាហ្វីលីពីន គឺជាវាគ្មិនដែលនឹងត្រូវផ្ដល់អនុសាសន៍នៅក្នុងកិច្ចប្រជុំទល់មុខជាមួយប្រមុខអាស៊ាន  នាវេលារសៀលថ្ងៃនេះ។

  សូមជម្រាបផងដែរថា  សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃបណ្តាប្រទេសជាសមាជិកអាយប៉ា អញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) នាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ (40th-41st ASEAN Summit) ដែលនឹងប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:០០នាទី នៅសណ្ឋាគារសុខាភ្នំពេញ។

គណៈប្រតិភូសភានៃបណ្ដាប្រទេសសមាជិកអាយប៉ា ដែលបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ានោះ រួមមាន៖ គណៈប្រតិភូសភានៃប្រទេសព្រុយណេដារូស្សា ឡាម  កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ថៃ និងប្រទេសវៀតណាម៕

ដោយ : សហការី


ចែករំលែក៖