ខេត្តកំពង់ឆ្នាំង ៖ សិស្សសាលាក្មេងស្រីចំនួន៤ នាក់ដែលកំពុងសិក្សានៅសាលាបឋមសិក្សាក្រាំងស្គា ស្ថិត នៅក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរវើរវាយ ស្រែកឲ្យគេជួយ និងបានដួលសន្លប់ បណ្តាលឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨និង១០ នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ។
សិស្សស្រីទាំងនោះត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាព ឃុំក្រាំងស្គា ភ្លាមៗដែលនៅជិតនោះ ផងដែរ។
លោក កែវ យ៉ិន នាយកសាលាបឋមសិក្សាក្រាំងស្គា បានឱ្យដឹងថា នេះមិនមែនជាលើកទី១ទេ គឺធ្លាប់បានកើតឡើង៤ដងរួចមកហើយ លើសិស្សស្រីទាំង ៤នាក់នេះ ហើយក៏មិនដឹងបណ្តាលមកពីអ្វីឱ្យច្បាស់ លាស់ដែរ។ លោកនាយកដកស្រង់សំដីគ្រូពេទ្យបញ្ជាក់ថា៖ សុខភាពក្មេងស្រីគឺធម្មតាទាំងអស់ ប៉ុន្តែតាមបែបអបិយជំនឿវិញថាខ្មោចសណ្ឋិត ព្រោះមុនពេលកើតហេតុក្មេងស្រីទាំងនោះ មានសភាពស្លេកស្លាំងញ័រខ្លួន ហើយស្រែកខ្លាំងៗថា៖ មិនទៅទេៗ និងស្រែកឱ្យគេជួយ បន្ទាប់មកក៏បានដួលសន្លប់ទៅ។
លោកនាយកសាលា បានបន្តថា៖ នៅពេលមានបញ្ហាម្តងៗ ក្មេងៗទាំងនោះត្រូវបានដឹកទៅសង្គ្រោះនៅ មណ្ឌលសុខភាពក្រាំងស្គា និងខ្លះទៀត ទៅដល់មន្ទីរពេទ្យខេត្ត និងមានខ្លះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំង ត្រូវបានក្រុមគ្រូពេទ្យបូមឈាមយកទៅពិនិត្យដល់វិទ្យាស្ថានប៉ាស្ទ័រទៀតផង ។ ប៉ុន្តែមិនមានឃើញសញ្ញាអ្វីគួរអោយកត់សម្គាល់ដែលបញ្ជាក់ថាក្មេងទាំងនោះមានជម្ងឺទេ គឺសុខភាពធម្មតា ហើយត្រូវបានគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ ជារៀងរាល់លើក ។
ដោយឡែកតាមបែបជំនឿអរូបិយវិញ ត្រូវបានលោក កែវ យ៉ិន បញ្ជាក់ថា កាលពីជាង១ខែមុន ដោយសាររៀបចំសោភណ្ឌភាពនៅក្នុងទីធ្លាសាលា លោកបានឲ្យសិស្សសាលាទាំងអស់រៀបចំបោសសម្អាតក្នុងទីធ្លាសាលា ក្នុងនោះបានឲ្យរើ គំនរថ្ម មួយកន្លែងមានកំពស់ ប្រមាណជាង១ ម៉ែត្រ ។ ក្រោយរៀបចំហើយបានប៉ុន្មានថ្ងៃ ស្រាប់តែមានក្មេងជាច្រើននាក់បានផ្អើលស្រែកពេញថ្នាក់រៀន (ថ្នាក់ទី៥)។ពួកគេ(សិស្ស)ប្រាប់ថា បាន ឃើញមនុស្សស្រីស្លៀកពាក់ស សក់វែង និងបក់ដៃហៅឲ្យទៅជាមួយ ពួកគេប្រកែក ហើយស្រែកឱ្យគេជួយ ។
បន្ទាប់មកក្មេងទាំងនោះមានអាការៈទន់ដៃទន់ជើង ដួលសន្លប់តែម្តង។ ក្មេងៗទាំងនោះ បានកើតអាការៈ បែប នេះម្តងហើយ ម្តងទៀត បើគិតទាំងព្រឹកនេះ (១០វិច្ឆិកា) ផង គឺ៤ដងហើយ ។ ប៉ុន្តែក្មេងស្រីដែលកើតអាការៈនេះញឹកជាងគេ គឺទី១ ឈ្មោះ ម៉ុត ចន្ឋូ អាយុ១២ឆ្នាំ, ទី២ ឈ្មោះ ជិន លក្ខិណា អាយុ១២ឆ្នាំ,ទី៣ឈ្មោះ ប៊ន សុខណា អាយុ១២ឆ្នាំ និងទី៤ឈ្មោះ អឿន ផារី អាយុ១២ឆ្នាំ ពួកគេរៀនថ្នាក់ទី៥ និងមានទីលំនៅ ភូមិចាន់ត្រក ឃុំក្រាំងស្គា ស្រុកទឹកផុស។
លោកនាយកសាលាបានបន្តថា ឪពុកម្ដាយក្មេងស្រីទាំងនោះបានទៅរកគ្រូមន្តអាគម ហើយត្រូវបានគ្រូនោះ បញ្ជាក់ថាពួកក្មេងៗទាំងនោះបានទៅរុះរើលំនៅឋានរបស់គេ ទើបគេមិនសុខចិត្ត ហើយត្រូវមកយកក្មេងៗទាំងនោះទៅជាមួយ ។ ប៉ុន្តែបើទោះបី ឪពុកម្ដាយ ក្មេងៗ រួមទាំង លោកគ្រូអ្នកគ្រូផង បានធ្វើរោង នឹងសង់ ខ្ទម ព្រមទាំងមាន ជ្រូកខ្វៃ មាន់ ទា សែនព្រេនជូនវិញ យ៉ាងណាក្តី ក៍ក្មេងស្រីទាំងនោះ នៅតែដដែល ជាក់ស្តែង គឺនៅ ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា នេះ។
លោកបញ្ជាក់ថា ព្រឹកនេះក្រោយពីចេញពីមណ្ឌល សុខភាពហើយ ក្មេងស្រីទាំង៤នាក់ ត្រូវបានឪពុកម្តាយ នាំយកទៅជួបគ្រូមន្តអាគម ដើម្បីព្យាបាលវិញម្តង៕
ដោយ៖ សូរិយា