ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន។

បើយោងតាមអក្សរកាត់ថា, TAC គឺជាសន្ធិសញ្ញាសន្តិភាពដែលបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រមប្រតិបត្តិស្តីពីទំនាក់ទំនង រវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។

សូមបញ្ជាក់កំលុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ មានប្រទេសសរុបចំនួន៧ហើយ បានចុះហត្ថលេខាចូលជាសមាជិក TAC។ ប្រទេសទាំង៧នោះរួមមាន៖ ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា, អារ៉ាប់រួមអេមីរ៉ាត់ និងអ៊ុយក្រែន។

ជាការកត់សម្គាល់ប្រទេសរុស្ស៉ី បានក្លាយជាសមាជិក TAC រួចហើយ ហើយការចូលជាសមាជិក TAC របស់អ៊ុយក្រែន ចំពេលរុស្ស៉ី វាយឈ្លានពាន។ ពេលនេះទាំងរុស្ស៉ី និងអ៊ុយក្រែន សុទ្ធតែជាសមាជិក TAC ចាំមើលអាស៊ានអាចធ្វើអន្តរាគមន៍អ្វីបានលើសង្គ្រាមនៅអ៊ុយក្រែននេះ? ។ 

សូមបញ្ជាក់ថា, នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) បានផ្ដាំផ្ញើនៅសួរសុខទុក្ខពីសំណាក់ លោកប្រធានាធិបតីអ៊ុយក្រែនជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរខួបទី ៦៩ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។ 

លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានអគុណសម្តេចតេជោ​ផងដែរ ដែលកម្ពុជាបានចេញ​សេចក្តីថ្លែងការណ៍តាមរយ:​រដ្ឋមន្ត្រីការបរទេស​អាស៊ានការ​គាំទ្របង្ហាញ​ពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន។ ដែលបង្ហាញអំពីកង្វល់ចំពោះស្ថានការណ៍ដែលបាន និងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ដោយបានទាមទាឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ជាបន្ទាន់ និងងាកមករកការចរចាដោយសន្តិវិធីវិញ និងធ្វើជាសហស្ថាបនិកគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើអ៊ុយក្រែន។ លោកបានបន្តទៀតថា លោកពិតជាមានក្តីរំភើប និងអបអរសាទរកម្ពុជាដែលកម្ពុជាកន្លងទៅបានឆ្លងកាត់សង្គ្រាមដរាំរៃជាច្រើន តែមកដល់ពេលនេះ កម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលទាំងទាំងអស់នេះ ជាសេចក្តីប្រាថ្នារបស់ប្រជាជនអ៊ុយក្រែនចង់បាន ៕

ដោយ : សិលា


ចែករំលែក៖