ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជំនួបទ្វេភាគីរវាង លោក ប្រាក់ សុខុន និង លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ពី លទ្ធផលជំនួបទ្វេភាគីរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ។ 

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០:៤៥នាទី លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង លោក ដាតូ អ៊ុរីវ៉ាន់ ពើហ៊ុន យូសូហ្វ រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ បានជួប ប្រជុំទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភ្នំពេញ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្តោតការពិភាក្សាលើការត្រៀមរៀបចំព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ ប៊ុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត ព្រុយណេ មកកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែលប្រទេសទាំងពីរប្រារព្ធខួប អនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូត។ ឆ្លៀតក្នុងឱកាសនោះ លោក ដាតូ អ៊ុរីវ៉ាន់ ពើហ៊ុន យូសូហ្វ បានសម្តែងការអបអរសារទរយ៉ាងកក់ក្ដៅជូនចំពោះ លោកឧបនាយករដ្ឋមន្តី ក្នុងឱកាសបុណ្យឯករាជ្យជាតិ លើកទី៦៩ នៃព្រះរាជាណាចក្រកម្ពុជា។ លោក ប្រាក់ សុខុន បាន ឆ្លើយតបដោយបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ។

លោក ដាតូ អ៊ុរីវ៉ាន់ ពើស៊ីន យូសូហ្វ ក៏បានអបអរសាទរកម្ពុជាជាប្រធានអាស៊ានឆ្នាំ ២០២២ប្រកបដោយសមត្ថភាព និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃមជ្ឈភាពអាស៊ាន ក្នុងការ ដោះស្រាយបញ្ហាតំបន់ដ៏ស្មុគស្មាញនានា រួមទាំងបញ្ហាមីយ៉ាន់ម៉ា។ ព្រុយណេបានបង្ហាញការគាំទ្រ យ៉ាងពេញទំហឹងចំពោះកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងលោក ប្រាក់ សុខុន ជាប្រេសិត ពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ព្រុយណេសម្រាប់ការគាំទ្រមិនងាករេចំពោះកម្ពុជាជាប្រធានអាស៊ាន។ លោកឧបនាយក រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាកម្ពុជាជាប្រធានអាស៊ានសូមបញ្ជាក់សាជាថ្មីពីការប្ដេជ្ញាបន្តគាំទ្រមីយ៉ាន់ម៉ាក្នុងនាម ជាសមាជិកគ្រួសារ តាមរយៈការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំនុចរបស់អាស៊ាន។

លោក ដាតូ អ៊ុរីវ៉ាន់ ពើហ៊ុន យូសូហ្វ បានអញ្ជើញ លោក ប្រាក់ សុខុន ទៅបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេ នៅពេលវេលាសមស្រប ៕

ដោយ : សិលា


ចែករំលែក៖