ប្រទេសជប៉ុន ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានបញ្ជាក់អោយដឹងថា, កាលពីល្ងាចថ្ងៃពុធថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ទុយ រី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអនុញ្ញាតឱ្យនិស្សិតខ្មែរ ចំនួន ៤១នាក់ ដែលទើបតែមកដល់ប្រទេសជប៉ុនក្នុងឆ្នាំសិក្សាថ្មី ដឹកនាំដោយប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម ។
ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតបានណែនាំនិស្សិតទាំងអស់ឱ្យខិតខំ ព្យាយាមរៀនសូត្រ ដើម្បីយកចំណេះដឹង មកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងចូលរួមផ្សព្វផ្សាយពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីដ៏ល្អរបស់ខ្មែរយើង ជាពិសេសអំពីវិស័យទេសចរណ៍ និងការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជាទៅកាន់មិត្តជប៉ុន និងមិត្តបរទេសនានា ដើម្បីទាក់ទាញឱ្យពួកគាត់បានស្គាល់ពីប្រទេសកម្ពុជា ក៏ដូចជាជួយផ្សព្វផ្សាយ និងលើកទីកចិត្តឱ្យពួកគេមានបំណងទៅទស្សនាកម្ពុជា។
បន្ទាប់ពីជំនួបខាងលើ លោកឯកអគ្គរាជទូត បានរៀបចំពិធីជប់លៀងអបអរសារទរខួបលើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតខាងលើ ហើយក្នុងឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូត បានរៀបរាប់អំពីប្រវត្តិ នៃព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លាររបស់ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងការទាមទារ និងដណ្តើមបានឯករាជ្យពិតប្រាកដ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដល់ប្រទេសកម្ពុជា ពីអាណានិគមបារាំង ។ លោក ឯកអគ្គរាជទូត ក៏បានជម្រាបជូនផងដែរអំពីតម្លៃនៃសន្តិភាព និងវឌ្ឍនភាពនៅកម្ពុជាលើគ្រប់វិស័យ ពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ន ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ : សិលា