ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ AIPA ជួបប្រជុំទល់មុខជាមួយប្រមុខរដ្ឋ ប្រមុខរាជរដ្ឋាភិបាលអាស៊ាន ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកាឆ្នាំ២០២២នេះ។
នៅក្នុងជំនួបកំពូលនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា សព្វថ្ងៃនេះ អាស៊ាន ក៏ដូចជាប្រទេសដទៃនៅលើសកលលោក កំពុងស្ថិតនៅក្នុងចំណុចមួយប្រឈមទៅនឹងបញ្ហាកាន់តែស្មុគស្មាញ។ សម្តេចបានបញ្ជាក់ថា ការទូតសភាកាន់តែមានសារៈសំខាន់ខ្លាំងឡើង ក្នុងការបង្កើតនូវវិធីសាស្រ្តពហុភាគី ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញទាំងនេះ ដោយផ្អែកលើគុណតម្លៃរួមរបស់AIPA ដូចមានចែងនៅក្នុងលក្ខន្តិកៈ ដូចជាការលើកកម្ពស់គោលការណ៍សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់អាស៊ាន។
ជំនួបប្រជុំទល់មុខរវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិអាស៊ាន ជាព្រឹត្តិការណ៍សំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ាន ដើម្បី AIPA ដែលជាស្ថាប័ននីតិប្បញ្ញត្តិអាស៊ាន និង ASEAN ដែលជាស្ថាប័ននីតិប្រតិបត្តិអាស៊ាន ស្វែងយល់អំពីសភាពការណ៍រួមធ្វើបច្ចុប្បភាពនៃកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ពីគ្នាទៅវិញទៅម។
នៅលើទិសដៅរួមមួយ គឺវិបុលភាពរបស់ពលរដ្ឋអាស៊ាន។
ប្រធានអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍បន្តថា AIPA គាំទ្រយ៉ាងពេញទំហឹងចំពោះមូលបទ ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០២៣ គឺ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដែលជាមូលបទ មានសារៈសំខាន់ និងស្របតាមបរិបទពិភពលោកដែលកំពុងវិវឌ្ឍន៍ និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សម្រាប់មហាសន្និបាតAIPA លើកទី៤៣ ដែលនឹងប្រព្រឹត្តទៅនៅចុងខែនេះ បានជ្រើសរើសមូលបទ “កាបោះជំហ៊ានជាមួយគ្នាដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់” ផ្តោតលើការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាការពង្រឹងពហុភាគីនិយម ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។
សូមជម្រាបថាក្នុងនាមប្រធានអន្តរសភាអាស៊ានប្តូរវេននៅក្នុងឆ្នាំ២០២២នេះ សភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត AIPA លើកទី៤៣ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកានេះដែរ បន្ទាប់ពីខាងរដ្ឋាភិបាល ដែលជាប្រធានអាស៊ានឆ្នាំ២០២២ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ។
សុន្ទរកថាទំាងស្រុងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថ្លែងក្នុងកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំ AIPA និងប្រមុខថ្នាក់ដឹកនាំអាស៊ាននៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នេះមានភ្ជាប់មកជាមួយនៅខាងក្រោម៕
ដោយ : សិលា