ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះបានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលេីដងផ្លូវជាតិស្ថិតនៅភូមិសាស្រ្តឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងមានករណីជនសង័្សយមិនស្គាល់អត្តសញ្ញាណបានប្រេីប្រាស់ពូថៅគប់ទៅលេីរថយន្តមួយគ្រឿងដែលកំពុងធ្វេីចរាចរណ៍លេីដងផ្លូវ បណ្តាលឱ្យបែកកញ្ចក់រថយន្តខាងមុខ ននិងគាបផ្លែពូថៅជាប់នៅក្នុងកញ្ចក់ តែមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ។
ប្រភពដដែលបន្តថា ពេលកេីតហេតុភ្លាមៗជនរងគ្រោះបានផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលអំពីរឿងហេតុមួយនេះ។ ក្រោយទទួលព័ត៌មានភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ដល់លោកស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនិងលោកអធិការនគរបាលស្រុកបាណន់ធ្វេីការស្រាវជ្រាវស៊េីបអង្កេតជាបន្ទាន់ចំពោះករណីខាងលេីនេះ។
ឆ្លងតាមរយៈការស្រាវជ្រាវស៊េីបអង្កេតរហូតដល់ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះសមត្ថកិច្ចនគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ឯកប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុកបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេីបានហេីយ។
ជនសង័្សយមានឈ្មោះកយ កុសលហៅវ៉ិត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាណន់។
តាមចម្លេីយសារភាពបឋម ជនសង័្សយខាងលេីបានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនតែម្នាក់ឯងគត់បានប្រេីប្រាស់ពូថៅដងឈេីគប់ទៅលេីរថយន្តធុនធំមួយគ្រឿងនៅចំណុចកេីតហេតុខាងលេី កាលពីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២ ហេីយមូលហេតុដែលនាំទៅដល់ការគប់បែបនេះ គឺខ្លួនគេផឹកស្រាស្រវឹង ហេីយខូចចិត្តត្បិតប្រពន្ធរត់ចោលនាពេលថ្មីៗកន្លងមក។
ទោះជាបែបនេះក្តីសមត្ថកិច្ចកំពុងធ្វេីការសាកសួរបន្ថែមនិងរៀបចំសំណុំរឿងបញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់ហេីយ។
ក្នុងនាមស្នងការនៃស្នងការដ្ឋាននរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណចំពោះការចូលរួមផ្តល់ព័ត៌មានដល់សមត្ថកិច្ចនគរបាលពីសំណាក់ជនរងគ្រោះនិងមហាជនទូទៅ ដែលនេះគឺជាករណីកិច្ចយ៉ាងសំខាន់មិនអាចខ្វះបាន ដេីម្បីឱ្យសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវស៊េីបអង្កេតស្វែងរកជនសង័្សយបានទាន់ពេលវេលា។ ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមមេត្តាជ្រាបជាព័ត៌មាន សូមអរគុណ៕
ដោយ៖សហការី