អ្នកចាត់ការក្លិប Manchester United លោក Erik ten Hag បានកត់សម្គាល់ឃើញថា Alejandro Garnacho ត្រូវតែធ្វើឱ្យប្រាកដថាអាកប្បកិរិយា និងរបៀបរស់នៅរបស់គាត់ត្រឹមត្រូវ ប្រសិនបើគាត់ចង់បង្កើតឥទ្ធិពលជានិរន្តរភាពនៅ Old Trafford។
កីឡាករបម្រុងវ័យ១៨ឆ្នាំរូបនេះបានបង្កើតឱកាសស៊ុតបញ្ចូលទីដ៏ល្អរយៈពេលកន្លះម៉ោងដើម្បីជួយឲ្យក្រុម Man United យកឈ្នះ Aston Villa ក្នុងពានរង្វាន់ League Cup និងកក់កៅអីក្នុងការប្រកួតជុំទី៤ជាមួយក្រុម Burnley នៅខែក្រោយ។
ក្រុម Aston Villa បាននាំមុខ១គ្រាប់មុន ដែលស៊ុតដោយកីឡាករ Ollie Watkins នៅនាទីទី៤៨ ប៉ុន្តែត្រូវបានខ្សែប្រយុទ្ធក្រុមបិសាចក្រហម Anthony Martial រកបាន១គ្រាប់តាមស្មើវិញនៅនាទីទី៤៩ ហើយក្រុមភ្ញៀវមានសំណាងរកបាន១គ្រាប់ទៀតដែលជាការស៊ុតចូលទីខ្លួនឯងរបស់ Diogo Dalot ក្នុងតង់ទី២នាទីទី៦១ ។
ក្រុមម្ចាស់ផ្ទះបិសាចក្រហម Man Utd បានបន្តគ្រប់គ្រងបាល់រហូតដល់នាទីទី៦៧ ខ្សែប្រយុទ្ធ Rashford រកបាន១គ្រាប់ស្មើAston Villa ហើយនៅនាទីទី៧៨ Bruno Fernandes បានបង្កើតឱកាសរកបាន១គ្រាប់បន្ថែមទៀតដែលជាការបញ្ជូនបាល់យ៉ាងល្អពី Garnacho។
នៅជិតបញ្ចប់ការប្រកួតទៅហើយក្រុមបិសាចក្រហមមានឱកាសរកបាន១គ្រាប់ទៀតពីការស៊ុតរបស់ Scott McTominay ក្នុងម៉ោងបន្ថែម៩០+១ ពីការ Assist របស់ Garnacho ដដែល។
ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Man Utd យកឈ្នះ Aston Villa ៤ទល់២។
ការរួមចំណែកជាវិជ្ជមាននោះគឺផ្ទុយស្រឡះពីបទពិសោធន៍របស់Garnacho ក្នុងដំណើរប្រកួតទេសចរណ៍មុនបើករដូវកាលរបស់ United នៅប្រទេសថៃ និងអូស្ត្រាលី នៅពេលដែលគាត់ត្រូវបានរារាំងមិនឱ្យលេងក្នុងការប្រកួតជាវិធានការវិន័យ បន្ទាប់ពីគាត់មកយឺត២ដងសម្រាប់ការប្រជុំក្រុម។
លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមមានឱកាសឡើងទៅកាន់ការប្រកួតជុំទី៤នៃពានរង្វាន់ League Cup រដូវកាលនេះ ដោយត្រូវប៉ះក្រុមដែលឈ្នះដូចគ្នាគឺ Burnley នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ខាងមុខ ដើម្បីប្រជែងឡើងទៅកាន់វគ្គបន្តទៀត ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)