ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ លួចគាស់យកដែកសម្រាប់ចាប់របាំងសុវត្ថិភាពផ្លូវល្បឿនលឿនក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖  លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បានឱ្យដឹងថា នៅវេលាយប់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២ នៅចំណុចផ្លូវល្បឿនលឿន (បង្គោលគីឡូម៉ែត្រលេខ១៧៩) ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុមានករណីលួចដែកសម្រាប់ចាប់របាំងសុវត្ថិភាពផ្លូវល្បឿនលឿនបង្កដោយជនសង្ស័យចំនួន៣នាក់ ១.ឈ្មោះឌិន មេត្តា ភេទប្រុស អាយុ២៣ឆ្នាំ(មុខរបរមិនពិតប្រាកដ)ស្នាក់នៅចំណុចព្រែកត្រែង ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះ សីហនុ, ២.ឈ្មោះបាន ចិន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ  និង៣.ឈ្មោះ ធូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា(រត់គេចខ្លួនបាត់)។

    ក្រោយពីធ្វើសកម្មភាពរួច កម្លាំងនគរបាលសហការជាមួយបុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿនបានឃាត់ខ្លួននិងដកហូតវត្ថុតាងរួមមានៈ១.ជើងដែកសម្រាប់របាំងសុវត្ថិភាពផ្លូវល្បឿនលឿនចំនួន២៥ដុំ,  ២.ខ្ចៅចំនួន១១គ្រាប់ និងក្បាលខ្ចៅចំនួន១០គ្រាប់, ៣.សោម៉ាឡេតចំនួន១ដើម , ៤.សោចំនួន៤ដើម(លេខ១៩ចំនួន៣ដើម សោលេខ១៧ចំនួន០១ដើម) ម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់១J-០៦៩១  និងម៉ូតូ១គ្រឿងទៀតម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១J-៨៦២៩។ 

   នៅថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២២កម្លាំងជំនាញកំពុងសាកសួរជនសង្ស័យដើម្បីកសាងសំណុំរឿងតាមនីតិវិធីនិងកំពុងស្វែងរកបក្ខពួកម្នាក់ទៀតដែលរត់គេច៕

ដោយ៖ សូរិយា


ចែករំលែក៖